ព័ត៌មានទាន់ហេតុការណ៍៖

មេឃភ្លៀងរន្ទះបាញ់បណ្តាលឱ្យងាប់សត្វគោ៨ ក្បាល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ធ្លាក់ភ្លៀងមួយមេ បណ្តាលឱ្យកើតមានរន្ទះបាញ់ ហើយបានបាញ់សត្វគោចំនួន ៨ក្បាលងាប់ និង១ក្បាលទៀតរបួស នៅវេលាម៉ោង១៦ និង១៧នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានឲ្យដឹងថាយ៉ាងហោចណាស់មានសត្វគោចំនួន ៨ក្បាលបានងាប់ និង ១ក្បាលរងរបួសដោយសាររន្ទះបាញ់។

លោកបានបន្តថា ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១៧ នាទី នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំ និងផ្គររន្ទះ ហើយហ្វូងគោទាំងនោះបានជ្រកក្រោមដើមឈើ ចំងាយប្រហែល៥០០ម៉ែត្រពីផ្ទះប្រជាពលរដ្ឋ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គឺមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែគេបានឮសំឡេងរន្ទះ ស្ទើរបែកក្រដាសត្រចៀក ស្រាប់តែឃើញសត្វគោដែលពួកគាត់ចិញ្ចឹមបានដួលដេករដូករណែល ទើបបង្កទៅជាការភ្ញាក់ផ្អើលតែម្តង។

ចំពោះបាតុភូតធម្មជាតិនេះមិនបង្កឱ្យមានរបួស និងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។ ជាមួយនោះអាជ្ញាធរក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោក្របី ដែលទៅឃ្វាលនៅតាមវាល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវភ្លៀងបណ្ដាលឱ្យមានបាតុភូតធម្មជាតិកើតឡើង និងអាចប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ និងរុក្ខជាតិផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖