ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២២ នេះកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងការជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។ ពួកគេជាជនសង្ស័យដែលសមត្ថកិច្ចតាមដានជាយូរមកហើយ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧:០០នាទី កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងចុះស្រាវជ្រាវមុខសញ្ញាដែរមានដីកាចាប់ខ្លួននៅចំណុចផ្លូវក្រាលកៅស៊ូខាងកើតព្រលានយន្តហោះ ស្តិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក៏បានប្រទះជួបនឹងមុខសញ្ញា០២នាក់ ដែលជាមុខសញ្ញាចាស់ ក៏បានហៅសួរនាំតែមុខសញ្ញាហាក់ដូចជាតក់ស្លុតនឹងភ័យខ្លាចគួរឲ្យសង្ស័យកម្លាំងជំនាញក៏បានឆែកឆេរឃើញម្សៅក្រាមសថ្លា០១ថង់ សង្ស័យជាសារធាតុញៀនដែលជនសង្ស័យក្ដាប់ក្នុងដៃ។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ៖ ១.ឈ្មោះ វៀង យ៉ាងដេត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងឈើនិង ២.ឈ្មោះ ម៉ាយ វាំងហៀង ភេទប្រុស អាយុ២២ ជនជាតិវៀតណាម មុខរបរ ជាងឈើ។ ជនសង្ស័យខាងលើបានតេស្តរកសារធាតុញៀនជាលទ្ធផល(+) វិជ្ជមាន ទាំង០២មុខសញ្ញា។
វត្ថុតាងដកហូតបានរួមមាន៖
១.ម្សៅក្រាមសថ្លា ចំនួន០១ថង់ ទម្ងន់ (មិនទាន់ថ្លឹង និងតេស្តពិសោធន៍)។
២.ទូរស័ព្ទដៃ ០១គ្រឿង។
៣.លុយខ្មែរចំនួន ៤០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា