ភ្នំពេញ៖ មុននេះករណីជម្លោះរវាងនាយប្រុញនឹងអ្នកគ្រប់គ្រង រហូតដល់នាយប្រុញរត់ត្រឡប់ទៅស្រុកកំណើតវិញទាំងលើកឡើងថា ថតគ្មានបានប្រាក់រយៈពេល៨ខែ រហូតដល់ថ្នាក់លោកពេជ្រ ស្រស់ បញ្ចេញសារនាំឱ្យមានការភ្ញាក់ផ្អើលសម្រាប់មហាជន ហើយក៏បានធ្វើឱ្យលោកឧកញ៉ា សម្បត្តិ ចេញមុខប្រតិកម្ម និងបញ្ជាក់រឿងរ៉ាវមួយចំនួនទៅកាន់មហាជនដើម្បីការពារខ្លួន ព្រោះតែនាយប្រុញបានឡើងមកភ្នំពេញតាមរយៈការទំនុកបម្រុងផ្តល់ការងារសម្រាប់នាយប្រុញនោះ។ ទោះជាយ៉ាងណាជម្លោះបែកផ្សែងរវាងនាយប្រុញ នឹងAdmin គង់ សុកាន អស់រយៈពេលជិត១សប្ហាហ៍នោះ ពេលនេះបានបិទបញ្ចប់ហើយកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
វីដេអូកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ប្រុញ និងឪពុក-ម្ដាយ បានឡើងមកដល់ក្រុមហ៊ុនដើម្បីដោះស្រាយបញ្ចប់រឿងរ៉ាវដែលបានកើតឡើង។ ប្រុញទទួលបានឡាន១គ្រឿង ដែលជាអំណោយរបស់លោកឧកញ៉ាដែលធ្លាប់ប្រកាសថាឱ្យប្រុញនោះ គឺប្រគល់ឱ្យទៅប្រុញជាម្ចាស់កម្មសិទ្ធិតែម្នាក់គត់។
ក្រៅពីនោះ Admin គឺលោក គង់ សុកាន បានប្រគល់ម៉ូតូ១គ្រឿងដែរដល់នាយប្រុញ ដែលលោកបានទិញឱ្យប្រុញកាលនៅធ្វើការជាមួយគ្នាមុនបានស្គាល់លោកឧកញ៉ា។ ការបញ្ចប់ក្រោមការសម្របសម្រួលជម្លោះដោយអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ គឺលោកឧកញ៉ា សម្បត្ដិ នៅតែផ្ដល់ឱកាសការងារសម្រាប់អ្នកទាំងពីរដដែល។ឧកញ៉ា សម្បត្ដិ និយាយថា បន្ទាប់ពីជួប និងជជែកគ្នាដោយផ្ទាល់អស់រយៈពេលប្រមាណ៣ម៉ោងមក ភាគីទាំងសងខាងបានទទួលកំហុសរៀងៗខ្លួន ហើយឈានដល់ទទួលបានដំណោះស្រាយឈ្នះ=ឈ្នះទាំងសងខាង។ លោកបញ្ជាក់ថា បញ្ហាកើតចេញមកពីរឿងតូចបំផុត គឺការយល់ច្រឡំគ្នាទៅវិញទៅមក។ឧកញ៉ាសម្បត្ដិ៖ “ខ្ញុំនៅតែរក្សាAdmin គង់ សុកាន ឲ្យបម្រើការងារដដែល ហើយរក្សាប្រុញដូចគ្នា តែពេលនេះប្រុញបានត្រលប់ទៅផ្ទះវិញសិន ព្រោះនាំរថយន្តឱ្យទៅដល់ផ្ទះផងដែរ៕
ដោយ ៖ វឌ្ឍនា