ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
ខ្ញុំបានទទួលរួចហើយ នូវលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ដែលមានអត្ថន័យដ៏ជ្រាលជ្រៅថ្វាយសព្ទសាធុការពរជ័យចំពោះខ្ញុំ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះ ។
ខ្ញុំសូមអរគុណ និងសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការ សូម ឯកឧត្តម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ នៃក្រសួងយុត្តិធម៌ នៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ដ៏ឧត្តុង្គឧត្តមនេះ បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ៕
ដោយ ៖ សិលា