ខេត្តកំពង់ស្ពឺ៖ គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋដឹកនាំដោយលោកស៊ិន សារុន នាយករដ្ឋបាលស្រុកបានចុះបង្ក្រាបទីតាំងអារឈើអត់ច្បាប់មួយកន្លែងដោយបានចាប់យកសម្ភារមួយចំនួន។ ប្រតិបត្តិការបង្ក្រាបបទល្មើសនេះស្ថិតក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២២។
លោក សុិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋបានឱ្យដឹងថា ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់នេះមានមា្ចស់ឈ្មោះស៊ិន សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះជឹក ផេង អាយុ៤៧ឆ្នាំ ស្ថិតក្នុងភូមិឃុំខាងលើបានគេចខ្លួនបាត់។
ការបង្ក្រាប់ម៉ាសុីនអារឈើខាងលើនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ឈើចម្រុះចំនួន០៧កំណាត់ស្មើនឹង២,៤០០ម៉ែត្រត្រីគុណ, ម៉ាស៊ីនអារឈើផ្តេក០១ គ្រឿង, កង់យោង ០៣, រណារយន្ត០៧ ខ្សែ, ដែករ៉ៃ០២ដើម, រទេះកង់កៅស៊ូ ០១ គ្រឿង។
បច្ចុប្បន្នវត្ថុតាងទាំងនោះបានយកមករក្សាទុកនៅសាលាស្រុកបរសេដ្ឋ។
លោកសុិន សារុនបានបន្តទៀតថា ជំនាញរដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា