ខេត្តព្រះវិហារ ៖ រថយន្តម៉ាកសាំយ៉ុងដឹកឈើរបស់មេឈ្មួញជើងខ្លាំងប្រចាំស្រុកជ័យសែននិងស្រុករវៀងខេត្តព្រះវិហារ ឈ្មោះ«ខ្លា» បានបើកបុកនិងកៀររថយន្តកូរ៉ូឡារបស់អ្នកកាសែតធ្វើឱ្យរថយន្តដឺកឈើនោះប៉ើងធ្លាក់ប្រឡាយ តែមិនបង្កឱ្យអ្នកណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ៈ១៥នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណី ស្រុកររៀង ខេត្តព្រះវិហារ ។
យោងតាមការបញ្ជាក់របស់លោក សុី វុទ្ធា ដែលជាអ្នកសាព័ត៌មានសារមរកត បានឱ្យដឹងថា នៅវេលាម៉ោង១០ៈ១៥នាទីយប់ថ្ងៃទី២៧ ខែមេសា នៅតាមដងផ្លូវជាតិលេខ៦២ពីភ្នំដែកទៅខេត្តកំពង់ធំ មានរថយន្តម៉ាកសាំយ៉ុងដឹកឈើពេញ ពាក់ស្លាកលេខភ្នំពេញ2k-2467 បើកបរដោយមេឈ្មួញឈ្មោះ «ខ្លា» ហើយពេលបើកមកដល់ចំណុចខាងលើ រូបលោក(សុី វុទ្ឋា)បានបើករថយន្តរបស់ខ្លួនម៉ាកកូរ៉ូឡាតាមពីក្រោយ ព្រោះពីចង់ដឹងថារថយន្តដឹកឈើជារបស់មេឈ្មួញរូបណា? ពេលបើករថយន្តតាមមើលនោះលោកបាន បន្ថែមល្បឿនរថយន្តមកទន្ទឹមនឹងរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ខណៈនោះស្រាប់តែរថយន្តដឹកឈើបានកៀររថយន្តរបស់លោកបណ្តាលឱ្យខូចខាតផ្នែកខាងស្តាំយ៉ាងដំណំ ចំណែករថយន្ដដឹកកឈើបានរេចង្កូតធ្លាក់ប្រឡាយទៅមុខលែងរួច ។
តាមប្រភពបានបញ្ជាក់ថា រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដឹកឈើចេញពីស្រុកជយ័សែន និង ស្រុករវៀង យកទៅលក់នៅឯខេត្តកំពង់ធំបានដោយសេរីមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ មូលហេតុដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាបគឺដោយសារមានលោកឧត្តមសេនិយ៍ត្រីម្នាក់កាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ ។
ប្រភពបន្តថា សមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ៦២ ចាប់ពីភ្នំដែករហូតដល់ខេត្តកំពង់ធំឱ្យតែឃើញរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា គ្រវីក្បាលដូចគោស្រាំងទិចបើកផ្លូវឱ្យរថយន្តដឹកឈើនេះទៅមកបានដោយសេរី ។
ពាក់ព័ន្ធនឹងករណីនេះមហាជនបានសំណូមពរដល់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយធ្វើអន្តរាគមន៍ចំពោះករណីនេះផង ។
ករណីខាងលើ ក្រោយពីកើតហេតុ មានសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង នគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ថស្រុករវៀងចុះមកធ្វើអន្តរាគមន៍អូសរថយន្តទាំង២យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំរមណី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖អ្នកប្រមាញ់