ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានឈ្មោះ មួន សុខា អាយុ៤៣ឆ្នាំ ពេលចេញពីផឹកស៊ីវិញស្រវឹងទោរទន់បានបេីករថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” រេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៣ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ បានបេីករថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” ប្រហែលជាចេញមកពីផឹកស៊ីវិញស្រវឹងទោរទន់បើករេពេញផ្លូវខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញបានយករថយន្តខាងលើនិងនាំម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ៕
ដោយ ៖ ជីណា