ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ត​ព្រៃវែង​ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​​ និងភរិយា​ ជាមួយឯកឧត្តម​ ពេជ្រ​ ជីវ័ន​​ តំណាងរាស្ត្រ​មណ្ឌលព្រៃវែង​ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា​នស្រុកពាមជរ នាថ្ងៃព្រហស្បតិ៍​ ១២រោច ខែខេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២២ បានអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅវត្តឧត្តមសាគរ​ (ហៅវត្តព្រែកក្របៅ) ស្ថិតនៅភូមិឧត្តម​ ឃុំព្រែកក្របៅ​ ស្រុកពាមជរ​ ខេត្តព្រៃវែង​ ដោយមានការចូលរួមពី​ ព្រះធម្មវស្សា​ ជា​ វ៉ាន់នី​ ព្រះរាជាគណៈថ្នាក់ចត្វា​ ព្រះមេគុណខេត្ត​ព្រៃវែង លោក​ លោកស្រី​អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបី​ ​ប្រធានមន្ទីរអង្គភាពជំវិញខេត្ត​ ក្រុមប្រឹក្សាស្រុក​ អភិបាលស្រុក​ ព្រះចៅអធិការវត្តព្រែកក្របៅ​ តា​ជី​ យាយ​ជី​ លោកគ្រូ​ អ្នកគ្រូ​ យុវជនកកបាទក្រហមកម្ពុជាស្រុក​ យុវជន​ ស​.ស.យ.ក​ ស្រុក​ និងសិស្សានុសិស្សជាពិសេស​ ពុកម៉ែបងប្អូន​នៅឃុំព្រែកក្របៅ​ ស្រុកពាមជរ​ផងដែរ។

 ឆ្លៀតក្នុងឱកាសនេះ លោក​ ជា​ សុមេធី​ សូមរម្លឹកបន្តិចថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង រក្សាបាននូវសុខសន្តិភាពពេញលេញ ខាងនយោបាយ សន្តិសុខរឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សង្គមកិច្ច សាមគ្គី ឯកភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការរីកចម្រើន និយាយដោយឡែក ក្នុងពិធីសម្ពោធនាពេលនេះ ក៏បានបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតសម្រាប់ជាចំណងដៃចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ នៃស្រុកពាមជរយើង សម្រាប់បូជាគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាផងដែរ។

ទន្ទឹមនឹងនេះ​ លោកអភិបាលខេត្ត​​ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

 ជាចុងក្រោយ លោក​ ជា​ សុមេធី​​ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះមេគណខេត្ត ព្រះគ្រូចៅអធិការវត្ត ឧបាសក ឧបាសិកាចំណុះជើងវត្ត អង្គពិធីទាំងមូល និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ពិសេស ចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនាបច្ចុប្បន្ននេះ៕

ដោយ​៖សហការី​


ចែករំលែក៖