ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតពីលើអគារកាស៊ីណូឃីងក្រោនដោយគេមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

   ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់សន្តិសុខនិងបុគ្គលិកកាស៊ីណូខណៈដែលមានបុរសម្នាក់លោតពីលើអគារកាស៊ីណូឃីងក្រោន ធ្វើឱ្យបុគ្គលិកនៅទីនោះប្រញាប់ប្រញាល់ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលហួសពេលទៅហើយ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីទៀបភ្លឺចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលបានបង្ហើបឱ្យដឹងថា បុរសខាងលើមានឈ្មោះ TRINH CONG HUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាសុីណូឃីងក្រោន  មានទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម  ។

    សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានថា មានបុគ្គលិកក្រុមហ៊ុនកាសុីណូម្នាក់បានធ្លាក់ពីលើអគារក្រុមហ៊ុន(អគារQ)ជាន់ទី៥ ស្ថិតក្នុងបរិវេណកាស៊ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយខាងក្រុមហ៊ុនក៏បានប្រញាប់ប្រញាល់ដឹកយកទៅព្យាបាលនៅគ្លីនិកសោភ័ណ្ឌអូវ៉ាង ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ប៉ុន្តែដោយឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀងតែអកុសលជនរងគ្រោះបានស្លាប់នៅលើរថយន្តបាត់ទៅហើយ។

បន្ទាប់មកសពត្រូវបានដឹកយកមកតម្កល់នៅក្នុងវត្តពោធិ៍ថ្មី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យធ្វើកោសល្យវិច័យបន្តទៀត៕

ដោយ៖យឹម សុថាន


ចែករំលែក៖