ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៨​ ខែមេសា​នេះ​ នគរបាលទូទាំងប្រទេស៖ ឃាត់ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤៧៩គ្រឿង​

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែងថា​ កម្លាំង​សមត្ថកិច្ចនគរបាលជំនាញនៅទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤៧៩គ្រឿងទៀត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤០៣គ្រឿង និងរថយន្ត ៧៦គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​៖ កម្លាំង​នគរបាលចរាចរណ៍​ ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧០,៩៦៥គ្រឿង ក្នុងនោះមានម៉ូតូ ៥៤,៧២៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៦,២៤១គ្រឿង​ គិតថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ 

ជាក់ស្ដែង​បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ បត់ជែង សញ្ញាគឺភាគច្រើនអត់មួក ស្រវឹង អត់ស្លាកលេខ ល្មើសសញ្ញា និងទូរស័ព្ទជាដើម។ ដោយឡែករថយន្តល្បឿន ខ្សែក្រវ៉ាត់ អត់ប័ណ្ណបើកបរ លើសចំណុះ ទូរស័ព្ទជាដើម។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្ថែមថា៖ ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ​ លោក​អគ្គស្នងការរង បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ សម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា​ បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួស ០៨នាក់ (របួសធ្ងន់ ០៧នាក់)។ រយៈពេល១១៨ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,១៤៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៧៣នាក់ របួស ១,៦៤៥នាក់ (របួសធ្ងន់ ១,០៣៩នាក់)៕

ដោយ​៖សហការី​


ចែករំលែក៖