ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស បុករបាំងពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយពេញផ្លូវជាច្រើនកង់និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងសង្ស័យម្ចាស់ស្រវឹង បើកបុករបាំងពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយ៦កង់ និងវៀចជាច្រើនកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តខ្ទេចមួយចំហៀងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែមេសាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តtoyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BD-6502ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែម្ចាស់ស្រវឹងបានរេចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយអស់៦កង់ នឹងវៀចជាច្រើនកង់រួមនិងបង្គោលភ្លើងមួយដើមទៀតបាក់រាបដល់ដី ចំណែករថយន្តបង្កខ្ទេចមួយចំហៀងមុខទៅមុខលែងរួច។ភ្លាមនោះគឺឃើញអ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖