ព័ត៌មានទាន់ហេតុការណ៍៖

ជីវិតថ្លែណាស់! បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះរងរបួសធ្ងន់មិនស្លាប់ រីឯត្រាកទ័ររងការខូចខាតទាំងស្រុង

ចែករំលែក៖

   ខេត្តព្រះវិហារ ៖ គេចរួចមួយជាន់មួយទៀតហើយ! ជីវិតថ្លៃណាស់ មិនស្លាប់តែរងរបួសធ្ងន់ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ ខណៈកំពុងបើកបរត្រាក់ទ័រភ្ជួរដីសុខៗ ក៏ជាន់គ្រាប់មីនតោនផ្ទុះ ធ្វើឲ្យតៃកុងរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័របានរងការខូចខាតទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ នឹង២០នាទី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចអូរសឹង ចម្ងាយពីភូមិប្រហែល៣គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ទៅភ្ជួរដីស៊ីឈ្នួលឲ្យគេនៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ខណៈពេលកំពុងភ្ជួរដី ក៏បានប៉ះចំលើគ្រាប់មីនតោន ចំនួន០១គ្រាប់ តែសំណាងល្អគ្រាប់មីននោះមិនផ្ទុះ ឃើញដូច្នោះជនរងគ្រោះ បានប្រាប់ឲ្យម្ចាស់ដីទៅរកឈើមកដោត ធ្វើជាសញ្ញា ដើម្បីផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ រួចជនរងគ្រោះ ក៏បើកត្រាក់ទ័រភ្ជួរដីផ្សេងបន្តទៀត ប៉ុន្តែជាអកុសលក៏បះចំលើគ្រាប់មីនតោនទី២ ផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ ផ្នែកក្បាល និងបាក់ឆ្អឹងខ្មងជើងស្តាំមួយកង់។

ជនរងគ្រោះមានឈ្មោះ ហុី សៀក ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុជនរងគ្រោះ ក៏ត្រូវបានបងប្អូនសាច់ញាតិក្រុមគ្រួសារ ដឹកនាំយកមកជួយសង្គ្រោះបឋម នៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៨ និងធ្វើការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប៕

ដោយ៖មាស សុផាត


ចែករំលែក៖