ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋចំនួន១១០ខ្នងរងការខូចខាតដោយសារមានភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះនៅវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕
តាមសេចក្ដីរាយការណ៍ពីមន្ត្រីជំនាញស្រុកខាងលើបញ្ជាក់ថាៈភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់កាលពីល្ងាចម៉ោង៥ម្សិលមិញនោះបានធ្វើឲ្យភូមិចំនួន៣ក្នុងស្រុកម៉ាឡៃរងផលប៉ះពាល់ក្នុងនោះដូចជាភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ភូមិតាគង់ ភូមិទួលពង្រឋិតនៅក្នុងឃុំទួលពង្រសរុប១១០ខ្នងផ្ទះ ប៉ុន្តែមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានមានប្រសាសន៏ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២២នេះថាខ្យល់កន្ត្រាក់បានវាយប្រហារភូមិជាច្រើនក្នុងស្រុកម៉ាឡៃក្នុងនោះបានធ្វើឲ្យភូមិមួយចំនួនរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដូចជាភូមិទួលពង្រសរុបចំនួន៥១ខ្នងផ្ទះខូចធ្ងន់១១ខ្នងផ្ទះនិងស្រាល៤០ខ្នងភូមិតាគង់ចំនួន៤ខ្នងផ្ទះរងការខូចខាតធ្ងន់ធ្ងរចំនួន១ខ្នងចំពោះនៅក្នុងភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះគឺរងផលប៉ះពាល់ចំនួន៥៥ខ្នងផ្ទះផងដែរ។
លោកបញ្ជាក់ថាៈប្រជាពលរដ្ឋនៅក្នុងភូមិខាងលើដែលរងផលប៉ះពាល់ដោយខ្យល់បោកបក់វាយប្រហារផ្ទះពួកគាត់នោះមិនមានបងប្អូនពលរដ្ឋណាម្នាក់រងរបួសនោះទេ តែនៅក្នុងសកម្មភាពខាងលើនោះកងកម្លាំងសមត្ថកិច្ចទាំងអស់បូករួមកម្លាំងមន្ត្រីរាជការផងបានចុះជួយរុះរើនិងសាងសង់ផ្ទះជូនពួកគាត់វិញជាបណ្ដើរៗហើយបន្ទាប់ពីទទួលបានដំណឹងថាខ្យល់បោកបក់បានវាយប្រហារផ្ទះពួកគាត់ឲ្យរងការខួចខាត ហើយក្នុងនោះដែរអាជ្ញាធរនិងសមត្ថកិច្ចចម្រុះបានជួយឧបត្ថមដល់ពួកគាត់ដែលរងផលប៉ះពាល់ដោយការវាយប្រហារដោយខ្យល់កន្ត្រាក់នោះជារួមមាន ៖ស័ង្កសី, អង្ករ ,ទឹកត្រី, ទឹកស៊ីអុីវ, ទឹកសុទ្ធដើម្បីចូលរួមចំណែកមួយដែលគាត់កំពុងតែខ្វះខាត។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃក៏បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននៅរដូវវស្សាខាងមុខនេះផងដែរ ៕
ដោយ ៖ វណ្ណា