ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តរេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុកស្ត្រីម្នាក់រងរបួសបែកប្រអប់ជើង

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់បើករថយន្តមិនប្រយ័ត្នបានរេចង្កូតចូលទៅក្នុងផ្ទះពលរដ្ឋ បុកស្ត្រីចំណាស់ម្នាក់ឈរនៅក្រោមសំយាបផ្ទះបណ្ដាលឱ្យបែកប្រអប់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ ករណីនេះកើតឡើងនៅថ្ងៃទី២៨ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះឈ្មោះហ៊ិន ស្រី លើផ្លូវបេតុង ស្ថិតក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

    មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-1087 បើកបរដោយឈ្មោះអ៊ូច បូរ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន)។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហ៊ិន ស្រី ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសបែកប្រអប់ជើងខាងឆ្វេង)។ 

    ប្រភពដដែលបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកHYUNDAI ខាងលើបើកបរមានទិសដៅពីជើងទៅត្បូង  លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកស្ដាំចូលផ្ទះ​ពលរដ្ឋ​ទៅបុកស្រ្តីម្នាក់ដែលកំពុងឈរនៅខាងមុខផ្ទះ(សំយសបផ្ទះ) រងរបួសបែកប្រអប់ជើងខាងឆ្វេងត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ។

     ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាម​នីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖