ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ម្សិលមុិញ បានទទួលជួបប្រតិភូមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) ដឹកនាំដោយដោយ លោកស្រី Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងលោក Robbie Celriog Hughes ប្រធានក្រុមកម្មវិធីមូលនីធិការពារតំបន់ទេសភាពជីវៈចម្រុះ។ នេះបើយោងតាមផេកក្រសួងទេសចរណ៍បានបញ្ជាក់នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍បន្តថា, ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាពីមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេស និងដើម្បីពិភាក្សាការងារអភិវឌ្ឍន៍អេកូទេសចរណ៍ ទន្លេមេគង្គក្រោម, សិក្សាស្វែងយល់បន្ថែមពីបញ្ហាប្រឈមនានាក្នុងវិស័យអេកូទេសចរណ៍ និងគោលនយោបាយគាំទ្រនានា ជាពិសេសពិនិត្យលទ្ធភាពជំរុញកិច្ច សហប្រតិបត្តិការ ជាមួយ ក្រសួងទេសចរណ៍ លើការស្នើសុំគម្រោងគាំទ្រនានាតាមរយៈមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ។
លើកឡើងក្នុងជំនួបនេះលោម ថោង ខុន បានជម្រាបថា រាជរដ្ឋាភិបាលមានគោលនយោបាយជម្រុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍កម្ពុជា ដោយផ្តោតការគិតគូរខ្លាំង អំពីវិស័យបរិស្ថាន ទេសចរណ៍ ការពារធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈក្នុងវិបត្តិកូវីដ១៩កន្លងមកនេះ តំបន់អេកូទេសចរណ៍ សហគមន៏ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ជាតំបន់ដែលមានហានិភ័យតិច និងបានដើរតួនាទីដ៏សំខាន់ទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាច្រើន និងបានផ្តល់ប្រភពចំណូលច្រើនជូនសហគមន៍ផងដែរ។
លោករដ្ឋមន្ត្រី បញ្ជាក់ដែរថា នៅក្នុងដំណើរការរៀបចំចងក្រងសហគមន៍អេកូទេសចរណ៍ ដែលទទួលបានជោគជ័យកន្លងមកដូចជា តំបន់អេកូទេសចរណ៍នៅជីផាតអារ៉ែង និងសហគមន៍ទេសចរណ៍ធម្មជាតិដ៏ទៃទៀត ជាច្រើន និងបានប្រែក្លាយមុខរបរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ពីការកាប់ព្រៃ បរបាញ់សត្វជាដើម ទៅជាការរួមគ្នាថែរក្សាធនធានធម្មជាតិ ព្រៃឈើ ការពារសត្វព្រៃ បំរើការងារក្នុងវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តវិញ។ ប្រជាពលរដ្ឋសហគមន៍ពេញ ចិត្តនឹងការងារបញ្ចូលសកម្មភាពទេសចរណ៍ ដែលមានការទទួលខុសត្រូវក្នុងសហគមន៍ ដែលអាចធ្វើ ឱ្យពួកគាត់បានទទួលចំណូល ច្រើនជាងកាលពួកគាត់បរបាញ់សត្វ និងកាប់ព្រៃ ដោយមិនចាំបាច់ធ្វើចំណាកស្រុក។
ពាក់ព័ន្ធជាមួយនឹងគោលក្នុងការជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងតួនាទី នៃវិស័យអេកូទេសចរណ៍ ដែលជាអនុវិស័យទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ដែរថា ទេសចរណ៍កម្ពុជា គឺបានផ្តោតសំខាន់លើទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលត្រូវបានអភិវឌ្ឍន៍លើគោលការណ៍និរន្តភាព ហើយឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ។ រដ្ឋាភិបាលក៏បានបង្កើតគណកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីជម្រុញពលរដ្ឋ និងទេសចរចូលរួមការពារបរិស្ថាន អនាម័យស្អាត និងការបម្រែបម្រួលអាកាសធាតុផងដែរ។
លើកឡើងនាឱកាសនោះដែរលោកស្រី Tina Redshew ក៏បានថ្លែងអរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក្នុងការចំណាយពេលវេលាអនុញ្ញាតឱ្យក្រុមកម្មវិធីមូលនីធិការពារតំបន់ទេសភាពជីវៈចម្រុះ ចូលរួមដើម្បីពិភាក្សាការងារ និងបានអះអាងថាមូលនិធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេសនឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លាអាមេរិកដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម របស់ប្រទេសកម្ពុជាមួយផងដែរ។
បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា មូលនីធិ BLF អាចនឹងផ្តល់អាទិភាពអនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាលរហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងវៀតណាម តែចំពោះគម្រោងជាក់ស្តែងអនុវត្ត យ៉ាងណានោះ នឹងបង្ហាញឱ្យដឹងនៅក្នុងអំឡុងខែមិថុនាខាងមុខនេះផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍