ព័ត៌មានទាន់ហេតុការណ៍៖

ទាហានស៊ីឈ្នួលអាមេរិកស្លាប់ពេលចូលរួមជាមួយអ៊ុយក្រែនប្រឆាំងរុស្ស៊ី

ចែករំលែក៖

គ្រួសារពលរដ្ឋអាមេរិកឈ្មោះ Willy Joseph Cancel បានបញ្ជាក់ជាមួយបណ្តាញព័ត៌មាន CNNថា Willy Joseph Cancel បានស្លាប់នៅក្នុងសមរភូមិនៅអ៊ុយក្រែន ពេលចូលរួមក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្នុងនាមទាហានស៊ីឈ្នួល។
ការស្លាប់នៅថ្ងៃទី២៥ខែមេសា ហើយលោក Willy Joseph Cancel បានធ្វើការឱ្យក្រុមហ៊ុនយោធាឯកជន។ ម្តាយរបស់ទាហានស៊ីឈ្នួលខាងលើឈ្មោះ Rebecca Cabrera បានលើកឡើងថា ក្រុមហ៊ុនបានផ្តល់ប្រាក់ដើម្បីឱ្យកូនរបស់ខ្លួនទៅចូលរួមធ្វើសង្គ្រាមនៅអ៊ុយក្រែនប្រឆាំងរុស្ស៊ី។ ទាហានរូបនេះបានទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃទី១២ខែមីនា ហើយឆ្លងចូលទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមជាមួយកម្លាំងទាហានអ៊ុយក្រែនប្រឆាំងទាហានរុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលើកឡើងថា មិនទាន់ទទួលបានព័ត៌មានស្តីពីទាហានស៊ីឈ្នួលអាមេរិកស្លាប់នៅឡើយទេ។ ដូច្នេះក្រសួងការបរទេសបានស្នើដល់ពលរដ្ឋមិនត្រូវទៅកាន់ប្រទេសអ៊ុយក្រែននោះឡើយ ។
តាមការលើកឡើងរបស់មន្ត្រីទាហានអ៊ុយក្រែនបានបញ្ជាក់ថាមានទាហានបរទេសជាង២ម៉ឺននាក់ រួមទាំងអតីតទាហានមកពី៥២ប្រទេសមានបំណងចូលរួមជាមួយអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងអ៊ុយក្រែននោះដែរ ក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបាញ់មីស៊ីល២គ្រាប់ចូលរដ្ឋធានីកៀវ ក្នុងពេលមានដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) ខណៈទីក្រុងមូស្គូកំពុងបង្កើនការវាយលុកលើតំបន់ដុនបាស់ដែលជំរុញឱ្យសហរដ្ឋអាមេរិកសន្យាផ្ដល់ជំនួយយោធា និងមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន។
បើតាមក្រុមមន្ត្រីអ៊ុយក្រែន មីស៊ីលទាំង២គ្រាប់ខាងលើបានធ្លាក់ចំតំបន់ Shevchenko ក្នុងរដ្ឋធានីកៀវ ហើយក្នុងចំណោមមីស៊ីល ទាំង២គ្រាប់នេះទៀតសោត មានមួយគ្រាប់ធ្លាក់ចំអគារស្នាក់នៅមួយមានកម្ពស់២៥ជាន់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែររងរបួស។
ដោយឡែក សាក្សីជាច្រើននាក់ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរថា ពួកគេបានឮសូរសំឡេងផ្ទុះពីរលើក ប៉ុន្តែមូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នោះទេ រីឯរុស្ស៉ីក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​Cabrera


ចែករំលែក៖