ប្រទេសថៃ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ទីរួមខេត្តស្រះកែវ សហការជាមួយអង្គភាពពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចាប់ឃុំខ្លួនបុរសជាពលករខ្មែរម្នាក់ឈ្មោះវ៉ាន់ ប្រុស អាយុ៥១ឆ្នាំ ព្រមទាំងបក្ខពួកសរុបទាំងអស់៤៣នាក់នៅក្នុងបរិវេណក្បែរចម្ការដូងប្រេង ឈមនឹងវត្តខៅ ភូផែន ក្នុងភូមិណងយ៉ាង ឃុំថាខ្វៀន ស្រុកវឌ្ឍនា ណៈខន ខេត្តស្រះកែវ ដើម្បីយកទៅឃុំខ្លួននិងសួរនាំបន្ថែម។
ប្រភពពីសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចថៃបានចេញប្រតិបត្តិការក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតដល់បរិវេណក្បែរចម្ការរដូងប្រេងខាងលើបានជួបមនុស្សជាច្រើនមានលក្ខណៈប្រហាក់ប្រហែលជនបរទេសនៅក្នុងបរិវេណចម្ការដូងប្រេងទើបសមត្ថកិច្ចថៃបង្ហាញខ្លួនសុំពិនិត្យឯកសារ ប៉ុន្តែពួកគេមិនមាននោះទេ និងបានសារភាពថា ពួកគេធ្វើដំណើរចូលមកតាមច្រករបៀងពីខាងប្រទេសកម្ពុជាចូលមកតាមបរិវេណភូមិរាប់ព្រិច ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ដោយមានជនជាតិថៃមិនស្គាល់ឈ្មោះដឹកតាមរថយន្តយកមកដាក់ក្បែរចម្ការដូងប្រេងខាងលើ ដោយចំណាយលុយក្នុងម្នាក់ប្រមាណពី៦,០០០-៧,០០០បាត(ប្រាក់ថៃ)ដើម្បីធ្វើដំណើរទៅធ្វើការនៅតាមខេត្ត និងទីក្រុងបាងកក។ ទោះជាយ៉ាងណាក៏ដោយ ក្រោយសួរនាំ សមត្ថកិច្ចថៃបានចាប់អ្នកទាំងនោះបញ្ជូនទៅអគារស្នាក់នៅរង់ចាំបញ្ជូនបន្តទៅឱ្យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា