ខេត្តព្រះសីហនុ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃមួយកន្លែងនៅវេលាម៉ោង ១០៖៣០ នាទីយប់ថ្ងៃទី ២៨ ខែមេសា២០២២ ស្ថិតនៅចំណុចក្បែរដៃព្រែកក្នុងព្រៃកោងកាង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សមត្ថកិច្ចបាននិយាយថា បន្ទាប់ពីប្រទះឃើញសាកសពរួច ដោយសារតែពេល យប់ពិបាកក្នុងការពិនិត្យ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ទ្ធកន្លែងកើតហេតុរង់ចាំពិនិត្យនៅព្រឹកថ្ងៃទី ២៩ ខែមេសា២០២២នេះ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាសាកសព មានសភាពរលួយ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស កំពស់ ១.៧២ម៉ែត្រ ស្លៀកខោជើងវែងពណ៌ខ្មៅ សក់វែង ស្នាមសាក់ដើមដៃខាងឆ្វេង។ សាកសពមានស្លាកស្នាមរបួសប្រហោងខ្នង ប្រហោងក្បាលផ្នែកខាងក្រោយ។
បន្ទាប់ពីបានធ្វើកោសល្យវិច័យរួច ជំនាញកោសល្យ វិច័យនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថាជាករណីមនុស្សឃាតគិតទុកជាមុន។
បច្ចុប្បន្ន ក្រុមសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ រីឯសាកសពបានយកទៅរក្សាទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ដោយ៖ សូរិយា