ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ទោ កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងក្រោមឱវាទពួនស្ទាក់បង្រ្កាបមុខសញ្ញាចោរលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ទទួលបណ្ដឹងពីជនរងគ្រោះជាម្ចាស់ម៉ូតូ លទ្ធផលៈ បង្រ្កាបបានទាំងមុខសញ្ញា និងវត្ថុតាងម៉ូតូ១គ្រឿង ។
ប្រតិបត្តិការសមត្ថកិច្ចនគរបាលបង្ក្រាបមុខសញ្ញាខាងលើ ធ្វើឡើងនៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតរង្វង់មូលផ្តិល ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មុខសញ្ញាជាជនសង្ស័យចោរលួចម៉ូតូត្រូវបានបង្រ្កាប ឈ្មោះ លន់ ធារិទ្ធ ហៅធិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ។ រួមទាំងវត្ថុតាងម៉ូតូ១គ្រឿងម៉ាក KAWAZAKIZ 1000R Edition ពណ៌ខ្មៅលាយត្រួយចេក ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1JD 9955 ។
លោក ស្នងការរងបន្តទៀតថា ការបង្រ្កាបមុខសញ្ញាជាជនសង្ស័យនេះ ធ្វើឡើងបន្ទាប់ទទួលពាក្យបណ្ដឹងរបស់ឈ្មោះ អ៑ន រតនៈសិលា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរថាមានជនសង្ស័យ លួចម៉ូតូរបស់គាត់ដូចបានរៀបរាប់ខាងលើ នៅស្ថានីយប្រេងឥន្ធនៈ PTT ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ ដោយមានតំរ៉ុយជិះគេចខ្លួនទៅខេត្តពោធិ៍សាត់ ។
ដោយឡែកៈ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា ជនសង្ស័យ(លន់ ធារិទ្ធ ហៅធិ)និងវត្ថុតាងម៉ូតូបានប្រគល់ទទួលជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី ៕
ដោយ ប៉ឹម ពិន