ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបញ្ជាក់ថា ពិតជាបានវាយប្រហារនៅទីក្រុងកៀវ កម្ទេចរោងចក្រផលិតមីស៊ីលមែន

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២៩ខែមេសា បានបញ្ជាក់ថា ខ្លួនពិតជាបានវាយប្រហារដោយមីស៊ីល ដែលមានកម្រិតចំគោលដៅខ្ពស់ទៅលើទីក្រុង Kyiv កាលពីថ្ងៃទី ២៨ខែមេសា ក្នុងពេលដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា «កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានកម្រិតចំគោលដៅខ្ពស់បានកម្ទេចទីតាំងរោងចក្រផលិតមីស៊ីល Artyom ក្នុងទីក្រុងកៀវ» ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា បានបើកការវាយប្រហារជាច្រើនលើកទៀតនៅថ្ងៃទីក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៩ ខែមេសា ឆ្នាំ២០២២ បានដកស្រង់សម្តីក្រុមមន្ត្រីអ៊ុយក្រែនដែលបានអះអាងថា រុស្ស៉ីបានបាញ់មីស៊ីល២គ្រាប់ចូលរដ្ឋធានីកៀវ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ បើតាមក្រុមមន្ត្រីអ៊ុយក្រែនបញ្ជាក់ថា មីស៊ីលទាំង២គ្រាប់ខាងលើបានធ្លាក់ចំតំបន់ Shevchenko ក្នុងរដ្ឋធានីកៀវ ហើយក្នុងចំណោមមីស៊ីល ទាំង២គ្រាប់នេះទៀតសោតមានមួយគ្រាប់ធ្លាក់ចំអគារស្នាក់នៅមួយមានកម្ពស់២៥ជាន់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែររងរបួស។
ដោយឡែក សាក្សីជាច្រើននាក់ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរថា ពួកគេបានឮសូរសំឡេងផ្ទុះពីរលើក ប៉ុន្តែមូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ រីឯរុស្ស៉ីក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ។
ការចោទប្រកាន់របស់អ៊ុយក្រែនថារុស្ស៉ីបាញ់មីស៊ីលចូលរដ្ឋធានីកៀវ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រមុខ UN លោក ហ្គូធឺរែស បានបញ្ចប់កិច្ចសន្ទនាជាមួយលោក ហ្សេលេនស្គី ជាមួយការបង្ហាញពីការព្រួយបារម្ភថារដ្ឋធានីអ៊ុយក្រែននៅតែបន្តងាយរងគ្រោះដោយសារការវាយប្រហារដោយអាវុធធុនធ្ងន់ពីសំណាក់កងទ័ពរុស្ស៉ី៕ ដោយ៖ ធីរីណា

រូបថត៖ សេវាកម្មស្ថានការណ៍បន្ទាន់អ៊ុយក្រែន


ចែករំលែក៖