ភ្នំពេញ ៖ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈទូទាំងប្រទេស ចំពោះការអនុវត្តការងារប្រចាំថ្ងៃកន្លងមកលើការផ្សព្វផ្សាយសកម្មភាពសង្គមមនុស្សធម៌របស់ក្រុមគ្រួសារស.ស.យ.ក. របស់យើង។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា, ពិតណាស់ការវិវឌ្ឍនៃបច្ចេកវិទ្យាមានសន្ទុះលឿន និងឆាប់រហ័សដែលទាមទារឲ្យការអនុវត្តស្របតាមវិវឌ្ឍនាការទាំងអស់នោះប្រកបដោយវិជ្ជាជីវៈ ដើម្បីសម្របតាមទំនោរ និងតម្រូវការរបស់មហាជនដែលទទួលព័ត៌មាន។
លោកបន្តថា, កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៅថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយសកម្មភាពសង្គមមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពនៃក្រុមការងារក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ខ្ញុំសូមបន្តលើកទឹកចិត្តដល់ក្រុមការងារ និងសមាជិក សមាជិកា ស.ស.យ.ក.ទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយ ឬបន្តចែករំលែកគ្នានូវសកម្មភាពដែលជាគម្រូដល់សង្គម មិនថាតាមបណ្តាញសារព័ត៌មាន បណ្តាញផ្សព្វផ្សាយផ្លូវការ ឬបណ្តាញផ្សព្វផ្សាយសង្គម Facebook ក្តី ក៏ដូចជា Instagram Twitter Youtube Tik Tok និងបណ្តាញសង្គមនានា តាមលទ្ធភាព តាមគ្រប់មូលដ្ឋានដែលជាសមត្ថកិច្ចរៀងៗខ្លួន ដើម្បីពង្រីកវិសាលភាពនៃការកសាងអំពើល្អ និងការចូលរួមក្នុងកិច្ចការសង្គមដែលជាអត្តសញ្ញាណរបស់យើង ៕
ដោយ ៖ សុខ ខេមរា