ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,
បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ៕
ដោយ ៖ សិលា