ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា អំពាវនាវដល់អង្គភាព សារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយពី សមិទ្ធផលនានាក្នុងវិស័យពិការភាព

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានជំរុញដល់អង្គភាពសារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានាក្នុងវិស័យពិការភាពនៅកម្ពុជា បង្ហាញដល់សាធារណៈជនជាតិនិងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេសអំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាព ដែលជាសក្ខីភាពនៃការធ្វើឱ្យ «សិទ្ធិក្លាយជាការពិត និងមិនត្រូវទុកនរណាម្នាក់ឱ្យនៅឆ្ងាយពីសង្គម»។

ថ្លែងក្នុងពិធីបើកជាផ្លូវការកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ដើម្បីធានាដល់ការចូលរួមសកម្មភាពសង្គម រួមមាន វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ និងសកម្មភាពផ្សេងៗទៀត។ ក្នុងផែនការនេះក៏បានដាក់បញ្ជូលនូវភាពចាំបាច់នៃការចងក្រងក្រុមសិល្បៈនិងសម្របសម្រួលដើម្បីជនមានពិការភាពអាចមានលទ្ធភាពចូលរួមកម្មវិធីសិល្បៈ វប្បធម៌ក្នុងកម្មវិធីរបស់ទូរទស្សន៍ ភាពយន្ត ល្ខោន និងសកម្មភាពវប្បធម៌ផ្សេងៗជាផ្នែកអទិភាពផងដែរ។

ក្នុងឱកាសនៃការបើកជាផ្លូវការនៃកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ លោក ឯម ច័ន្ទមករា ដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងនោះ បានប្រកាសគាំទ្រ ដោយថាការរៀបចំនេះបានឆ្លុះបង្ហាញអំពីវឌ្ឍនភាពថ្មីមួយទៀតក្នុងវិស័យពិការភាពនៅកម្ពុជា។ លោកបានជំរុញដល់ ស្ថាប័នព័ត៌មានទាំងអស់ចួលរួមផ្សព្វផ្សាយពីសមិទ្ធផលនានាក្នុងវិស័យពិការភាពនៅកម្ពុជាក៏ដូចជាកម្មវិធីនេះផងដែរ។

លោកថា៖ «វិស័យព័ត៌មានគឺដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញា ផែនការយុទ្ធសាស្ត្រជាតិនានាដែលពាក់ព័ន្ធនឹងពិការភាព»។

បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង ៥០ម៉ឺននាក់ ស្មើរនឹង ៤,៩ភាគរយនៃប្រជាជនសរុប ១៦លាននាក់។

រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២ ដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំងប្រទេសបានបញ្ចេញសមត្ថភាពនិងទេព្យកោសល្យសិល្បៈដែលខ្លួនមាន។

កម្មវិធីនេះនឹងចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ដែលកំណត់យកទីតាំងកម្មវិធីបើកនៅរាជធានីភ្នំពេញ កម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខេត្តព្រះសីហនុ និងកម្មវិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និងជាប្រធានក្រុមការងាររៀបចំកម្មវិធីប្រឡង លោក ផុស សុវណ្ណ ឱ្យដឹងថាការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការលើកទី២នេះ មានគោលបំណងឆ្ពោះទៅរកព្រឹត្តិការណ៍កីឡា SEA-Games លើកទី៣២ និងPARA-Games លើកទី២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងលើកកម្ពស់សិទ្ធិជនមានពិការភាពផង។ ការប្រឡងសំនៀងជនពិការពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី២ នេះទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងទទួលបានការគាំទ្រពីក្រសួងស្ថាប័នរដ្ឋនិងឯកជនចំនួន១៣។

បច្ចុប្បន្នមានបេក្ខជនចំនួន ៥០០នាក់បានដាក់ពាក្យប្រកួតប្រជែងដើម្បីប្រកួតយកពានរង្វាន់មួយនេះ។ ជ័យលាភីលេខ១ នៃការប្រកួតនឹងទទួលបាន បណ្ណសរសើរ ពានរង្វាន់ និងប្រាក់រង្វាន់ ៥០លានរៀល លេខ២ទទួលបាន ៣០លានរៀល លេខ៣ ទទួលបាន ២០លានរៀល លេខ៤ និងលេខ៥ ទទួលបានប្រាក់រង្វាន់ ១៥លានរៀល៕ 

ដោយ ៖ សហការី


ចែករំលែក៖