ភ្នំពេញ ៖ នៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់អោយដឹងថា, លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកតំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោក Okumura ប្រធានក្រុមហ៊ុន GOMI RECYCLE110 CO.,LTD ដែលបាននាំយកសម្ភារ:ប្រកួត៤០សម្រាប់ សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជា ដែលសម្ភារ:ទាំងនេះមានតម្លៃសរុប ១ម៉ឺនដុល្លារអាម៉េរិក។ សម្ភារ:នេះទទួលបានពីលោក SENGOKU ដែលជាម្ចាស់ហាង JAPAN SWIM SHOP នៅប្រទេសជប៉ុន។
លោកបានបន្តថា ឯកសណ្ឋានប្រកួតជាប្រយោជន៍សំខាន់សម្រាប់កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដែលកំពុងត្រៀមហ្វឹកហាត់ប្រកួតលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេសនាពេលនេះជាឳកាសមួយដ៏ពិសេសពិសាល ដោយសារតែយើងកំពុងតែត្រៀមចេញទៅប្រកួតកីឡា SEA Games លើកទី៣១ នាខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាថ្ងៃ១២ ខែឧសភានេះ ។ សម្ភារៈនេះផ្តល់ឲ្យពួកគេមានសម្ភារៈស្តង់ដារអន្តរជាតិសម្រាប់ចូលរួម ហើយក្នុងនោះអត្តពលិកហែលទឹកចូលរួមSEA Games នៅវៀតណាមមានចំនួន១០រូបមានកីឡាករ៦រូប និងកីឡាការិនី៤នាក់ ចំណែកកីឡាការិនី១រូបនៅអាមេរិក និងកីឡាករ១រូបនៅថៃ។
ការឈានដល់ការប្រគល់-ទទួលសម្ភារ:ប្រកួត នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ម្សិលមុិញនេះ គឺតាមរយៈលោកស្រី ឧត្តមសេនីយ៍ត្រី មាស ច័ន្ទអាសនា និងលោកស្រី ឧត្តមសេនីយ៍ត្រី ម៉ែន សុភ័ក្ត ជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC៕
ដោយ ៖ សិលា