ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្វបញ្ជូនខ្លួនឃាតកសម្លាប់ភេទទី៣ទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាឃាតកពាក់ព័ន្ធនឹងករណីរឹតកសម្លាប់បុរសម្នាក់ជាភេទទី៣ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងនោះបានធ្វើការឃាត់ខ្លួនបានហើយៗក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំទទួលទោសតាមច្បាប់ជាធរមាន ។

    ជនសង្ស័យ​មានឈ្មោះ ភូ សៀង​ឡា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរមុនចាប់ខ្លួនគឺជាអ្នកបកប្រែភាសាចិន រស់នៅសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ដែលមានស្រុកកំណើតនៅខេត្តកំពត។ 

   ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះមានឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ស្នាក់នៅ​បន្ទប់​ជួល​ តាមផ្លូវ​បេតុងក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ 

   ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា កាលពី​ថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ២០២២ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះឈ្មោះ ខុ​ម វ៉ា​ន់​ឌី (​ភេទ​ទី​៣)ប្រាកដ​មែន ដោយសារ​តែ​ខ្លួនខឹងនឹងជន​រង​គ្រោះមាន​ទំនាក់ទំនង​ស្នេហាជាមួយប្រុស​ផ្សេង ដែលជា​ហេតុ​ធ្វើ​ឱ្យខ្លួន​ផ្ទុះ​ការប្រចណ្ឌ ហើយ​ក៏​បានយក​ខ្សែភ្លើងធ្វើសកម្មភាពរឹត​កស​ម្លា​ប់​ ជនរងគ្រោះនៅក្នុងបន្ទប់ជួលនោះតែ​ម្តងទៅ ។ លុះពេលសម្លាប់ជនរងគ្រោះរួចហើយ រូបខ្លួនបានគេចខ្លួនទៅស្រុកកំណើតនៅឯខេត្តកំពត រួចបន្តគេចខ្លួនទៅខេត្តព្រះវិហាររហូតដល់សមត្ថកិច្ចតាមចាប់ខ្លួនបានតែម្តង ។ 

   សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មានការភ្ញាក់ផ្ញើលមួយដោយប្រជាពលរដ្ឋបានប្រទះ​ឃើញ​មនុស្ស​ម្នាក់ដេក​ស្លា​ប់នៅក្នុង​បន្ទប់​ជួលម្តុំ​ផ្សារ​ដី​ថ្មី ស្ថិតក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលមក កម្លាំង​សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ និងបានទាក់ទងទៅនគរបាលជំនាញគ្រប់ផ្នែកទាំងក្រុងនិងក្រសួង ចុះ​ពិនិត្យ​សាកសពនៅកន្លែង​កើតហេតុ រួចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ជាអំពើឃាតកម្ម ដោយជនជាឃាតកបានប្រើប្រាស់ខ្សែភ្លើងរឹតកសម្លាប់ជនរងគ្រោះ ។ ពេលវេលាមិនបានមួយសប្តាហ៍ផងទេ ការ​ស៊ើបអង្កេត ស្រាវជ្រាវ គឺកម្លាំងសមត្ថកិច្ចជំនាញកំណត់មុខសញ្ញាឃាតកដែលជាប់ពាក់ពន្ធនឹងអំពើឃាតកម្មនោះបាន ហើយមកដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ កម្លាំង​សមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួង សហការចុះចាប់ខ្លួនជនសង្ស័យបាននៅ​ឯខេត្តព្រះវិហារ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖