ព័ត៌មានទាន់ហេតុការណ៍៖

គម្រោង CSLEP កំពុងធ្វើការសិក្សាប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់​អភិរក្ស​​បេតិកភណ្ឌវប្បធម៌-ធម្មជាតិ របស់ជនជាតិដើមភាគតិច”ជង” រស់នៅក្នុងតំបន់​ឧទ្យានជាតិជួរភ្នំក្រវាញ​កណ្ដាល ស្រុកថ្មបាំង ខេត្តកោះកុង

ចែករំលែក៖

ខេត្ត​កោះកុង ​៖​ ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀសផលប៉ះពាល់​មកលើសហគមន៍ជនជាតិដើមភាគតិច ពីដំណើរការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការ​​គ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍​​​ធម្មជាតិកម្ពុជា (CSLEP) បានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំង​តំបន់អភិរក្សបេតិកភណ្ឌ​វប្បធម៌-ធម្មជាតិរបស់​ជនជាតិដើម​ភាគតិច​”ជង” រស់​នៅក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងកណ្ដាល។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២២។ 

លោក​ សូផា​ សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួល​បន្ទុកជន​ជាតិ​ដើមភាគ​តិច​ នៃ​គម្រោង​CSLEP បាន​បញ្ជាក់​ឲ្យ​ដឹង​ដែ​រ​ថា​ ដំណើរការចុះ​សិក្សា​របស់​គម្រោងនៅ​ពេលនេះ ក្នុងគោលបំណង ពិគ្រោះ​យោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌-ធម្មជាតិ របស់សហគមន៍ជនជាតិដើម​ភាគតិច”ជង” ​លើកកម្ពស់ការចូលរួម របស់​ជនជាតិ​ដើម​ភាគតិច”ជង” ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាព​គម្រោង ជាពិសេស ស្វែងរកឱកាស​សម្រាប់​ការ​បង្កើនប្រាក់​ចំណូលពីសេវាកម្មទេសចរណ៍​ក្នុងតំបន់។​ 

លោក​ សូផា សុគន្ធណារុង្គ ក៏បាន​បន្ថែម​ថា​ការ​សិក្សា​នេះគឺធ្វើ​ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្ស​ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច”ជង” ដែល​តំបន់អភិរក្ស​បេតិកភណ្ឌ​វប្បធម៌-ធម្មជាតិនេះរួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈ​គោរពបូជា តំបន់ទីតាំង​បូរាណស្ថាន និងតំបន់​ព្រៃ​កប់ខ្មោច ដែលការងារនេះស្ថិតក្នុងផ្នែកមួយ នៃអនុសមាសភាគ ៤.៤ ស្ដីពី ”ប្រព័ន្ធធានា​សុវត្ថិភាព​បរិស្ថាន និងសង្គម” របស់គម្រោង។

ជាក់ស្ដែងក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិច នៃគម្រោងនិរន្តរភាពតំបន់​ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) សហការជាមួយនាយកដ្ឋាន​តំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់​ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌ របស់ជនជាតិ​ដើម​ភាគតិច​”ជង” ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

កិច្ច​ប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លសាប នាយកដ្ឋាន​សេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិ​ដើម​ភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ៤០នាក់។

ជាលទ្ធផលបានមកពីកិច្ច​ប្រជុំ​ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ តំបន់ព្រៃអារក្ស​ចំនួនបីទីតាំង ដែលមានឈ្មោះ ព្រៃអារក្ស​អន្លង់​សំរាំ (ជាភាសាជនជាតិមានន័យថាអន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅ មានទំហំសរុប​​ប្រមាណ ៣០៣ហ.ត និងទីតាំងដីព្រៃកប់​ខ្មោចដែល​មាន​ពីរទីតាំង មានទំហំសរុបប្រមាណ៤ហ.ត។

សូមបញ្ជាក់ថា កម្ពុជាមាន​ជនជាតិដើមភាគតិចចំនួន​២៤ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៃ​បណ្តាខេត្តស្ថិតនៅភាគឥសាន្ត​ បណ្តាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅជួរភ្នំក្រវាញ ដោយប្រកាន់​យកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងភាសា ផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ 

មុខរបរ​សំខាន់ៗរួមមាន ការធ្វើស្រែ/ចំការ (កសិកម្មពេនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូល​អនុផល​​ព្រៃឈើ​ជាដើម៕

ដោយ៖សហការី​


ចែករំលែក៖