ខេត្តសៀមរាប៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម និងសាធារណជន មេត្តាជ្រាបថា៖ កន្លងទៅថ្មីៗនេះមានបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមានគណនីឈ្មោះ Vj Angilika បាននិយាយបង្ហោះ Live បន្តផ្ទាល់ ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបណ្តាលឱ្យបុរសជាអ្នកបើកបរម្នាក់ឯង បានទទួលមរណភាព។ នេះបេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមេសា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា បន្ទាប់ពីបានទទួលព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង ដើម្បីធ្វើការចុះស្រាវជ្រាវ ទៅដល់ទីតាំងភូមិសាស្រ្តជាក់ស្តែង ដែលបានកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ដែលលទ្ធផលទទួលបាន មានដូចខាងក្រោម៖
កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពាក់កណ្តាលអធ្រាត្រមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ 293-294 ស្ថិតនៅ ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ រវាងរថយន្តមិនស្គាល់ភិនភាគ បើកបរក្នុងទិសដៅពីលិចមកទិសខាងកើត បុកទៅនឹងម៉ូតូជិះច្រាសទិសគ្នា។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យម៉ូតូម៉ាកហុងដា ឌ្រីមសេ 125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខៈ សៀមរាប 1X-8974 និងអ្នកបើកបរជាជនរងគ្រោះ ឈ្មោះ បឹង ណាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្លាក់ខ្ទាតចេញពីផ្លូវជាតិចម្ងាយប្រមាណ១០ម៉ែត្រ រហូតដល់បាត់បង់ជីវិត។
លុះដល់ព្រឹកព្រលឹម ទើបសមត្ថកិច្ចមូលដ្ឋាន ទទួលបានពត៌មាននេះ ដោយធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិជនរងគ្រោះ ហើយបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីជាតិ និងបន្តស្វះស្វែងរក ភិនភាគរថយន្ត ដើម្បីកំណត់អត្តសញ្ញាណមុខសញ្ញាអ្នកបើកបរ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន បណ្តាអ្នកនិយមតាមដានព័ត៌មាន នៅតាមបណ្តាញទំនាក់ទំនងសង្គមគ្រប់ប្រភេទ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី