ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្នុង​ខួបអនុស្សាវរីយ៏លេីកទី​ ១៣៦​ នៃ​ ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា​ ២០២២​

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីស្នេហា!

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង សន្តិសុខការងារ“។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំ រាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាព ការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងប្រទេសនានានៅក្នុងសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅតែ បន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។

ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។

រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម -ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ”។

បច្ចុប្បន្ន ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ ប្រភេទថ្មីក៏ដោយ រាជរដ្ឋាភិបាលនៅ តែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់ លើចំនួនការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ខ្ញុំផ្ទាល់បាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន ៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ ទំនងវិជ្ជាជីវៈ ហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងរបស់ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍ ១០ចំណុច រួមមាន៖ ១.គ្រប់រោងចក្រទាំងអស់ ត្រូវអនុវត្តប្រាក់ ឈ្នួលអប្បបរមា និងបានបើកប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ ចំនួន ១៩៤ដុល្លារអាមេរិក ដោយនឹងបើក២ដង ក្នុងមួយខែ ជូនកម្មករនិយោជិត។ ២.កម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ ៣.កម្មការិនីទទួលបានប្រាក់ឈ្នួល ១២០% និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។ ៤.បានផ្ដល់ ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូន ដោយផ្តល់ជូនកូន ១នាក់ ថវិកា ៤០ម៉ឺនរៀល កូន ២នាក់ ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពី សម្ដេច គេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់។ ៥.និយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែក ថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។ ៦.ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល និងតាមជំរុញការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត នៅតាមតំបន់ផ្ទះជួលរបស់កម្មករនិយោជិត។ ៧.ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានទទួលការអនុម័ត និង ដាក់ឱ្យប្រើប្រាស់ ដើម្បីអនុវត្តផ្នែកសោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រី សាធារណៈនៅឆ្នាំ២០២០។ ៨.អនុវត្តច្បាប់ស្តីពីការងារ ដើម្បីកំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយោជិត ៦ខែម្ដង។ ៩.បន្តសហការជាមួយក្រសួងពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការ ដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត

ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ១០.បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ បង្កលក្ខណៈសម្បត្តិឱ្យបងប្អូនទទួលបាន របបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។

ខ្ញុំក៏សូមការអធ្យាស្រ័យដែលនៅឆ្នាំ២០២២ នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ប៉ុន្តែរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត រៀបចំពិធីសំណេះសំណាល ជាមួយសហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀនក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង។

រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ ខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការ ត្រីភាគីបូកជាច្រើនទៀត។ ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរ ឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ មានអង្គការវិជ្ជាជីវៈសរុបចំនួន ៥ ៧៤៦ ក្នុងនោះ សហជីពមូលដ្ឋាន ចំនួន ៥ ៤៤២ សហព័ន្ធសហជីពចំនួន ២៥២ សហភាពសហជីពចំនួន ៤០ និងសមាគមន៏យោជកចំនួន ១២។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការ គ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញ ការអនុវត្តយ៉ាងសកម្មផងដែរ។

រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែក រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ចាប់ពីខែមករា ឆ្នាំ២០២១ និងរបបសោធនសម្រាប់កម្មករ និយោជិតវិស័យឯកជន នៅក្នុងឆ្នាំ២០២២។ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡា ជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្ដល់នូវរបបហានិភ័យការងារ និងរបបថែទាំសុខភាព ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ ដែលមានរោងចក្រ សហគ្រាសជាង ១ម៉ឺន៧ពាន់ ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និង ក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន ៥សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ ពីរបបទាំងនេះ។ បន្ថែមពីនេះ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន ដោយក្នុងឆ្នាំ២០២១ នេះ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូនបានចំនួន ៦៥ ៨៧១នាក់ ស្មើនឹងចំនួនកូន ៦៦ ៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ២៦,៥ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ស្រ្តីសម្រាលកូនមានចំនួន ២៨២ ០៧៣នាក់ ដោយចំណាយថវិកាសរុបចំនួន ១១៣,៦ប៊ីលានរៀល (ប្រមាណ ២៧,៧លានដុល្លារអាមេរិក)។ បាននិងកំពុងសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងការអនុវត្តរបបសោធន ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយ ទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធននិវត្តន៍ ។ 

សូមអានសារលិខិត​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក្នុង​ខួបអនុស្សាវរីយ៏លេីកទី​ ១៣៦​ នៃ​ ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា​ ២០២២​ ទាំងស្រុងដូចខាងក្រោម : ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖