ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  បទាលតាក៏កើតឡើងប្រាកដ គ្រានោះឯង សត្វទាំងឡាយនោះនាំគ្នាបរិភោគបទាលតាចំណី…ឋិតនៅអស់កាលជាយូរអង្វែងសេចក្តីរឹងប៉ឹងក្នុងរាងកាយទាំងពណ៌សម្បុរក៏ប្លែកៗគ្នា…ពួកសត្វណាដែលមានសម្បុរល្អ តែងមើលងាយពួកសត្វដែលមានសម្បុរអាក្រក់ ។ ព្រោះសេចក្តីមើលងាយសម្បុរគ្នា ជាបច្ច័យបទាលតាក៏សាបសូន្យអស់ទៅ។…ពួកសត្វ ក៏នាំគ្នាប្រជុំរកច្បាប់ចាស់ដែលនាំឱ្យបទាលតាជាអាហារដ៏មានរសជាតិឆ្ងាញ់ពិសាកើតមានជាអាហារទិព្វក៏នឹករកមិនឃើញ មិនយល់បាន។

  កាលបទាលតាអស់ទៅ ស្រូវសាលីក៏ដុះឡើងដោយគ្មានកន្ទក់អង្កាម ផ្លែចេញមកជាអង្ករតែម្ដង មានក្លិនក្រអូបមនុស្សទាំងឡាយនាំគ្នាយកស្រូវសាលីត្រង់ទីណាក្នុងពេលល្ងាច សម្រាប់បរិភោគក្នុងពេលព្រឹក លុះព្រឹកឡើង ក៏មានស្រូវសាលីដុះទ្រុបទ្រុលផ្លែទុំឡើងវិញ នៅទីនោះក៏ប្រាកដហាក់បីដូចជាមិនបានច្រូតឡើយ។ កាលសត្វទាំងនោះនាំគ្នាបរិភោគស្រូវសាលីកើតឯងឋិតនៅអស់កាលដ៏យូរអង្វែងសេចក្តីរឹងប៉ឹងក្នុងរាងកាយកើតលើសប្រមាណ ទាំងពណ៌សម្បុរក៏ប្លែកគ្នាប្រាកដឡើង…ភេទស្រីក៏ប្រាកដឡើងដល់ស្រី ភេទប្រុសក៏ប្រាកដឡើងដល់ប្រុស តម្រេកក៏កើតឡើងសេចក្តីក្តៅក្រហាយព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ សត្វទាំងនោះក៏នាំគ្នាសេពមេថុនធម្ម។

  ផ្អែកតាមពុទ្ធដីកាខាងលើនេះ មនុស្សមានការវិវត្តចាប់ពីអាភស្សរព្រហ្មចុះចាកមកកាងអត្តភាពជាមនុស្សតាំងពីកប្បចម្រើនឡើងដំបូង អាស្រ័យពួកសត្វព្រហ្មបរិភោគអាហារដែលកើតឯងនៅលើផែនដីរូបរាងកាយដ៏រឹងប៉ឹងឡើងសម្បុរប្លែកគ្នា ក៏ប្រាកដឡើងពីសម័យមួយទៅសម័យមួយដ៏យូរលង់បំផុត រហូតចុងក្រោយ ពួកអាភស្សរព្រហ្មទាំងនោះបានវិវត្តន៍ខ្លួនទៅជាមនុស្សប្រុសស្រីប្រាកដ ខណៈដែលនាំគ្នាបរិភោគស្រូវសាលីចុងក្រោយនេះ។

  ដោយនូវអកុសលលធម៌ទាំងឡាយមានការសេពមេថុនធម្ម សេចក្តីខ្ជិលច្រអូសរហូតនាំគ្នាយកស្រូវសាលីមកតែម្ដង ហើយទុកសម្រាប់បរិភោគបាន៤ថ្ងៃ… ៨ ថ្ងៃយ៉ាងនេះ។ លុះពួកសត្វនាំគ្នាផ្ដើមបរិភោគស្រូវសាលីដែលខ្លួននាំគ្នាសន្សំទុកក្នុងកាលណាហើយ ស្រូវសាលីក៏ផ្លែមានកន្ទក់ មានអង្កាមរំុព័ទ្ធអង្ករ សូម្បីតែកន្លែងដែលគេច្រូតហើយក៏លែងដុះឡើងវិញពេញដូចដើម គឺដុះតែមួយគុម្ពៗ។ សិស្សក៏ចាប់ចែកស្រូវសាលីគ្នាបោះព្រំខ័ណ្ឌចែកគ្នា  មានពួកសត្វលាក់សំចៃចំណែករបស់ខ្លួនទុក លួចយកចំណែករបស់អ្នកដទៃ តែគេមិនបានឲ្យមកបរិភោគ។ កាលបើអំពើលួចទ្រព្យគេប្រាកដឡើងការតិះដៀលគ្នាកើតមានតាំងពីកាលនោះមក។កាលធម៌លាមកកើតឡើងប្រាកដពួកសត្វប្រជុំគ្នាស្វែងរកសត្វណាម្នាក់ដែលសក្តិសមជាងគេ ឲ្យជាអ្នកបន្ទោស ឲ្យជាអ្នកតិះដៀលឲ្យបណ្ដេញសត្វដែលគួរបណ្ដេញតាមហេតុជំនួសពួកគេដោយខ្លួនសុខចិត្តជូនចំណែករបស់ខ្លួនឲ្យដល់សត្វនោះ។ ទើបអក្ខរៈជាពាក្យបញ្ញាត្តិដំបូង ក៏កើតឡើងថាមហាសន្មតៗដូច្នេះ។ សត្វនោះក៏បានជាអធិបតីន័យស្រែ ព្រោះហេតុនេះឯង ទើបអក្ខរៈទី ២ ក៏កើតឡើងខត្តិយៈ ខត្តយៈដូច្នេះ  អក្ខរៈទី៣ ថារាជា រាជា ចុងក្រោយទៅជាអ្នកគ្រប់គ្រងប្រទេស ស្ដេចផែនដីលើដីស្រែព្រៃព្រឹក្សា លើប្រជានុរាស្រ្តតរៀងមក។

  ព្រះពុទ្ធសម្ដែងថា ការកើតឡើងនៃអក្ខរៈ(ពោលគឺហេតុនៃការកកើតអាហារទិព្វដ៏មានរសជាតិឆ្ងាញ់ពិសា) ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នា គឺកើតឡើងដោយធម៌ប៉ុណ្ណោះឯង  មិនមែនដោយអធម៌ទេ ។ ព្រះអង្គសំដែងថា ធម៌ជាគុណដ៏ប្រសើរបំផុតក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក។

(នៅមានត)

ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត


ចែករំលែក៖