ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង​ ថ្កោលទោសអាមេរិក​ និងកូរ៉េខាងត្បូង​ ដែលជិតនឹងធ្វើសមយុទ្ធឈ្មោះ Ulchi Freedom Shield

ចែករំលែក៖

អន្តរជាតិ​៖​ យោងតាមការ​ផ្សាយ​​ដំណឹងរបស់​​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​របស់​កូរ៉េខាង​ជើង​នៅ​ថ្ងៃទី ១០ ខែ​សីហាឱ្យ​ដឹង​ថា លោក​ No Kwang Chol រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាង​ជើង​ បាន​ថ្លែង​សុន្ទរកថា​ ដោយ​ថ្កោលទោស​អាមេរិក​និង​កូរ៉េខាង​ត្បូង​ដែលបាន​ប្រកាស​ថា ចាប់ពីថ្ងៃទី១៨ ខែ​សីហាត​ទៅ ​នឹង​ធ្វើ​សមយុទ្ធទ្រង់ទ្រាយ​ធំឈ្មោះ​ Ulchi Freedom Shield  ។ លោក​​អះអាងថា ទង្វើ​របស់​អាមេរិក​និង​កូរ៉េខាង​ត្បូង​លើក​នេះ នឹង​នាំ​មក​នូ​វការ​ប្រឈម​​យ៉ាងធ្ងន់​ធ្ងរ​ម្តងទៀត​ដល់​ស្ថានការណ៍​សន្តិសុខ​នៅ​ឧបទ្វីបកូរ៉េ ។

        សុន្ទរកថា​នេះបានបន្ត​ថា សមយុទ្ធរួម ឈ្មោះ​ Ulchi Freedom Shield នឹង​ធ្វើឡើង​ដោយ​ប្រឌិត​ពី​​សង្គ្រាម​នុយក្លេអ៊ែរ​ពិត ប្រការ​នេះវា​មិន​ត្រឹម​តែ​ជា​ការ​បង្ករឿង​ខាង​យោធា​ដោយ​ផ្ទាល់​ចំពោះ​កូរ៉េខាង​ជើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​នឹង​ធ្វើ​ឱ្យ​ភា​ពមិន​អាច​ប៉ាន់​ប្រមាណបាននៃ​​ស្ថានការណ៍​​​ឧបទ្វីបកូរ៉េដែល​កំពុង​ឋិតក្នុ​ងសភាព​ឈប់បាញ់​គ្នា​មានសភាពកាន់តែធ្ងន់ធ្ងរ ហើយ​នឹង​បង្កបង្កើត​ជា​ការ​គំរាម​កំហែង​ដ៏ពិត​ប្រាកដ​ដែល​បណ្តាល​ឱ្យ​ស្ថានការណ៍ក្នុង​តំបន់​អ​ស្ថិរភាព​ ។

          សុន្ទរកថា​នេះបានបន្ត​​ថា កងកម្លាំង​កូរ៉េខាង​ជើង​នឹងប្រ​កាន់​អាកប្បកិរិយា​យ៉ាងមោះមុត​និង​ដាច់ម៉ាត់ ដើម្បីឆ្លើយតប​នឹង​សកម្មភាព​សមយុទ្ធ​សង្គ្រាម​របស់​អាមេរិក​និង​កូរ៉េខាង​ត្បូង ព្រម​និងការពារ​​សិទ្ធិ​អធិបតេយ្យយ៉ាង​ម៉ឺងម៉ាត់​ក្នុង​ក្របខ័ណ្ឌសិទ្ធិ​ការពារ​ខ្លួន​ឯងចំពោះ​រាល់​ទង្វើ​ដែល​បង្ករឿង​និងបំពាន​បន្ទាត់ក្រហមទាំង​អស់ ៕ដោយ៖តារា

រូបថត៖​ លោក​ No Kwang Chol រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាង​ជើង​


ចែករំលែក៖