ព័ត៌មានទាន់ហេតុការណ៍៖

មានករណី ផ្ទុះអាវុធ១គ្រាប់ ស្លាប់បុរសជនជាតិខ្មែរម្នាក់ នៅរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ, ជនដៃដល់ និងបក្ខពួកត្រូវបានឃាត់ខ្លួន !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ នេះបើយោងតាមសេចក្តីរាយការណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅ ១២៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, ភ្លាមៗបន្ទាប់ពីកើតហេតុនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ បានរត់គេចខ្លួន។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត។ នេះជាការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ 

សមត្ថកិច្ចបានបន្តថា, បច្ចុប្បន្នសពជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារសព។ ចំណែកជនសង្ស័យជាឃាតក និងគូរកន សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុ ស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅតុលាការ ៕


ដោយ : សិលា


ចែករំលែក៖