ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យកម្មករ-កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ប្រសិនបើមានភាពមិនប្រក្រតីណាមួយត្រូវស្នើសុំតំណាងដើម្បីជួបពិភាក្សាដោះស្រាយការងារ។
លោកស្រីអនុប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន៥៣០នាក់ នៅរោងចក្រផលិតកង់ XDS Bicycle Cambodia Co ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូជានពូចាយ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្នុងសង្កាត់ស្វាយតឿ ខេត្តស្វាយរៀង។
លោកស្រីម៉ែន សំអន ក៏បានអានទាំងស្រុងនូវសារលិខិតលេខ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ជូនដល់អង្គពិធីទាំងមូល។
លោកស្រី បានណែនាំឱ្យកម្មករ-កម្មការិនីពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាងសម្រាប់យកទៅបោះឆ្នោត ជាពិសេសអត្តសញ្ញាណប័ណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានោះលោកស្រី ម៉ែន សំអន ក៏បាននាំយកអំណោយមកចែកជូនដល់កម្មករ-កម្មការិនីចំនួន៥០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល និងសារុង១ ចំណែកស្ត្រីមានផ្ទៃពោះចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៤ម៉ឺនរៀល។
ក្នុងឱកាសនោះតំណាងកម្មករ-កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកម្មករ-កម្មការិនី និងទទួលបាននូវប្រាក់ខែសមរម្យ លក្ខខណ្ឌការងារល្អ និងមានការយកចិត្តទុកដាក់ពីថៅកែផងដែរ៕
ដោយ៖យឹម សុថាន