ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមនិងថៃមានករណីឆ្លងកូវីដ-១៩ថយចុះខ្លាំង

ចែករំលែក៖

ក្នុងឱកាសនៃការឈប់សម្រាកទិវាឯករាជ្យ ៣០ មេសា និងថ្ងៃទី ១ឧសភា វៀតណាមមានករណីឆ្លងកូវីដ-១៩ថយចុះយ៉ាងខ្លាំង ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី ៣០ខែមេសា បានរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ចំនួន៥,១០៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៤៩,៨០៩នាក់ ក្នុងនោះមានអ្នកជំងឺជាសះស្បើយចំនួន ៩,២៦២,២៥៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន៤៣,០៤១នាក់។

ដោយឡែកនៅក្នុងប្រទេសថៃវិញ ក៏មានករណីឆ្លងកូវីដ-១៩ថយចុះផងដែរ។ តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Bangkok Post បានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យទី១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៥៣៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១១,៤៨០ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៥៥ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៩១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន២២,០២២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,២៦២,៤៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,៦១៧នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤,០៩លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៣លានដូស ក្នុងនោះប្រជាជនជាង ៥១.០៧លាននាក់ (៧៣.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៥.៧លាននាក់ (៣៦.៨%) បានចាក់ដូសជំរុញ៕

ដោយ៖ ធីរីណា


ចែករំលែក៖