ព័ត៌មានទាន់ហេតុការណ៍៖

សត្វជ្រូកត្រូវបានឈ្មួញ លួចឆ្លងដែនចូលទឹកដីកម្ពុជា តាមច្រករបៀងនៅ ស្រុកស្វាយជ្រំ ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានក្រុម​ឈ្មួញ​នាំ​សត្វជ្រូកពី​ប្រទេស​វៀតណាម​រាល់ថ្ងៃ ដូច​ហែរ ​កឋិន ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​ក្បាល គឺ​ពី​៣០០​ក្បាល​ទៅ​៦០០​ក្បាល ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង ចេញពី​ព្រំដែន​ក្រសាំង​ជ្រំ រួច​ផ្ទេរ​ដាក់​រថយន្ដឱ្យ​ក្រុម​ឈ្មួញ។ ដោយឡែកអាជ្ញាធរ សមត្ថកិច្ច ជំនាញពេទ្យសត្វ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ស្ងាត់ស្ងៀមល្អណាស់ ។ 

ប្រជាពលរដ្ឋបានបញ្ជាក់ថា, ក្រុម​ឈ្មួញ បាន​នាំ​សត្វ​ជ្រូក​រស់ ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ កម្ពុជា ដាក់​តាម​សា​ឡង់​ឆ្លង​ចូល​មក​ត្រង់​ចំណុច​ចន្លោះ​ព្រំដែន​ចែក​ខេត្ត គឺ​ភូមិ​ក្រាំង​លាវ ខេត្តព្រៃវែង និង​ ភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួ​ស ខេត្តស្វាយរៀង​ ក្លាយទៅជាអាជីពរបស់ឈ្មួញទៅហើយ ដែលមិនមែនជាចំណូលពន្ធរបស់រដ្ឋ និងងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខណៈមិនបានពិនិត្យសុខភាពសត្វ។ 

សូមបញ្ជាក់ថា, មានករណីជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា​ម្សិលមុិញនេះ ឈ្មួញ​វៀតណាម​បាន​សាង​ជ្រូក​រស់​មួយ​ជើង​ចំនួន​៤០​ក្បាល​ចេញពី​រថយន្ត​ នៅ​ព្រំដែន​វៀតណាម លើកដាក់​ទូក​សា​ឡង់​ឆ្លង​ព្រែក​ព្រំដែន ចូល​មក​ស្រុក​ខ្មែរ រួច​ក្រុម​ឈ្មួញ​បាន​ចាប់​ជ្រូក​ចេញ​ពីសា​ឡង់​លើកដាក់​លើ​រថយន្ត​សាំ​យ៉ុ​ង ដែល​ចាំ​នៅ​ព្រំដែន​ខ្មែរ​ចំនួន​៣​គ្រឿង​។ ខណៈ​ដែល​កំពុង​លើក​ជ្រូក​ដាក់​លើ​រថយន្ត​បាន​បួន​ប្រាំ​ក្បាល ស្រាប់តែ​ឃើញ​វត្តមាន​អ្នក​សារព័ត៌មាន​ទៅ​ដល់​ក៏​នាំ​គ្នា​បើករថយន្ត​គេច​ចេញពី​កន្លែង​សាង​ជ្រូក​១​គ្រឿង បើក​ចូល​ទៅ​ឃុំ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក និង​២​គ្រឿង​ទៀត​បើក​គេច​ទៅ​ក្រសាំង​ជ្រំ ឆ្ពោះទៅ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ 

ប្រជាពលរដ្ឋបន្តថា, រថយន្ត​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត បាន​លើក​ជ្រូក​ដាក់​នោះ បាន​បើក​គេច​ទៅ​វិញ​ចូល​ភូមិ​ក្រាំង​លាវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង តាម​ផ្លូវលំ​ក្រ​វ៉ា​ត់​ព្រំដែន​។

ប្រភពដោយឡែកបាន​ឲ្យ​ដឹង​ថា,  ចំណុច​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ឆ្លង​ដែន​នោះ គឺ​ស្ថិត​ចន្លោះ​ភូមិ​ចុង​ចាំង ឃុំ​ហ៊ឹង​ហា និង​ភូមិ​ហ៊ឹង​ប៊ី​ង​បេ ឃុំ​ប៊ី​ង​បេ ស្រុក​តាំង​ហ៊ឹង ខេ​ត្តឡុង​អាង ប្រទេស​វៀតណាម ។ ការនាំចូលទឹកដីកម្ពុជា យ៉ាងសម្រុក ដោយសារមានអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធទៅហើយ។ 

ប្រជាពលរដ្ឋលើកឡើងថា, ចំណែក​ខាង​ដី​កម្ពុជា ភូមិ​ក្រាំង​លាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ដឹក​គេច​តាម​ផ្លូវ​កៅស៊ូ​ចូល​មក​ភូមិ​ក្រាំង​លាវ ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ឡើង​មក​ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង រួច​ផ្ទេរ​រថយន្ត​នៅ​ចំណុច​កែង​ភូមិ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ 

ប្រជាពលរដ្ឋហ៊ានទាំងប្រាប់ថា, ឈ្មួញ​នាំ​ជ្រូក​ម្នាក់​ឈ្មោះ គង់ ជា​ទាហាន​ដ៏​ល្បីល្បាញ​ខាង​កាង​ជ្រូក​រស់​ចូល មាន​ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ធំ​មួយចំនួននឹងតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ដស្វាយរៀង ដោយ​អត់​មាន​មន្ត្រី​ពេទ្យសត្វ​ណាមួយ​ត្រួតពិនិត្យ​សុខភាព​សត្វ​ទេ ដែល​សង្ស័យ​សុទ្ធតែ​ត្រូវ​គ្នា​ទាំងអស់ ។ ដូច្នេះសូមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តា ពិនិត្យពិចារណា ស៊ើបអង្កេត ស្រាវជ្រាវ ចំពោះការលួចនាំសត្វជ្រូករស់ចូលទឹកដីកម្ពុជានេះផង។ 

ជុំវិញករណីខាង ករណី​ខាងលើ​នេះ​ដែរ អ្នក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉​ន សុផល មេ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន ក្រសាំង​ជ្រំ​បាបា ដោយគ្មានអ្នកទទួល។

ការនាំសត្វជ្រូករស់ចូលតាមច្រកបែបនេះ គ្មានការពិនិត្យសុខភាព គ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដោយសមត្ថកិច្ច អាជ្ញាធរ និងជំនាញពេទ្យសត្វ គឺជាបញ្ហាមួយ ងាយធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ខណៈមិនដឹងថាជ្រូកទាំងនេះមានរោគប្រភេទណា? ៕ 

ដោយ ៖ សិលា


ចែករំលែក៖