ភ្នំពេញ៖ បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ១០៣ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងទី១ឈ្មោះ លាន ណយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូង ។
ម្ចាស់ទីតាំងទី២ឈ្មោះ អេង ប៊ុនថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ទូរស័ព្ទ ។ ម្ចាស់ទីតាំងទី៣ឈ្មោះ ឡេង សុធី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ ជាងអ៊ុតសក់និងធ្វើក្រចក ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ហើយធ្វើឱ្យខូចខាតបន្ទប់ជួលធ្វើអំពីថ្ម ប្រក់ស័ង្កសី ចំនួន៤បន្ទប់ ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) និងខូចខាតសម្ភារៈមាន ម៉ាស៉ីនលាងម៉ូតូ, គ្រឿងបន្លាស់ទូរស័ព្ទ, សម្ភារសាឡន តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
រហូតដល់វេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបអគ្គិភ័យនេះត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន៦គ្រឿង ប្រេីប្រាស់ទឹកអស់៦ឡានស្មើនឹង ២៤ម៉ែត្រគូប៕
ដោយ៖សុខាសែនជ័យ