ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាន និងអង្គការ សមាគមសារព័ត៌មាន អបអរសារទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ដែលឆ្នាំ២០២២ នេះ អង្គការយូណេស្កូ បានជ្រើសយកប្រធានបទ “សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា និន្នាការវិត្តន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា ឌីជីថល បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ ហើយក៏បានជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមាន លើគ្រប់វិស័យសង្គម រួមទាំងលើវិស័យព័ត៌មានផងដែរ។ សូម្បីនៅប្រទេសជឿនលឿន ក៏បានសម្តែងក្ដី ព្រួយបារម្ភពីឥទ្ធិពលរបស់បច្ចេកវិទ្យាឌីជីថល លើបញ្ហាសន្តិសុខជាតិ ដំណើរការប្រជាធិបតេយ្យ ការបង្កើត ព័ត៌មានក្លែងក្លាយ និងជាពិសេសលើប្រព័ន្ធការគិតរបស់កុមារ។ ក្នុងន័យនេះ យើងត្រូវទទួលយកការពិតថា យើងមិនអាចគេចចេញពីតម្រូវការបច្ចេកវិទ្យាឌីជីថលបានទេ ក៏ប៉ុន្តែ យើងត្រូវចាប់យកនិងប្រើប្រាស់ ឌីជីថល ដោយវាងវៃ ដើម្បីជាមធ្យោបាយជំរុញការរីកចម្រើននៃជីវភាពសង្គមនិងសេដ្ឋកិច្ចជាតិយើង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញផ្ទុយពី អង្គការ សមាគម និងក្រុមអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា ប្រព័ន្ធឌីជីថល គឺជាសម្ពាធ និងបង្កើតនូវស្ថានភាពខ្មៅងងឹតនៅក្នុងបរិយាកាស នៃសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យ ព័ត៌មាននិងអ្នកសារព័ត៌មាន សូមកុំបណ្ដោយខ្លួនឱ្យទៅអ្នកទន់ជ្រាយ រំអួយ ឬសម្ដែងធ្វើជាជនរងគ្រោះ ក៏ប៉ុន្តែ គប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយភាពច្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាព និងមានសារប្រយោជន៍ដល់សង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូនានា ក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួល ដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងជួយជំរុញ ល្បឿនសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យ ការក្លែងបន្លំ ការលួច ការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ផងដែរថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ប្រទេសកម្ពុជាយើង នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានសារៈសំខាន់ ដល់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋាន ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្នុងវិស័យ ព័ត៌មាននិងអ្នកសារព័ត៌មាន ចូលរួមជា«កែវភ្នែកយុត្តិធម៌» តាមរយៈការផ្សព្វផ្សាយនូវ «ព័ត៌មានពិត” ដែលមានគុណតម្លៃដល់ដំណើរការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយ “សេរី ត្រឹមត្រូវ និង យុត្តិធម៌»។ ការចូលរួមជាវិជ្ជមានរបស់យើងគ្រប់ៗគ្នា គ្រប់ដំណើរការរបស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវ ស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេច ជំនួសយើង។ យើងជាផ្នែកនៃការទទួលខុសត្រូវរួមលើសមិទ្ធផលសង្គម ហើយអ្វីៗទាំងឡាយនៅក្នុង សង្គមជាតិរបស់យើង គឺជាសូចនាករឆ្លុះបញ្ចាំងពីតម្លៃរួមរបស់យើងវិញផងដែរ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា នៅមានបញ្ហាប្រឈមក្នុងវិស័យសារព័ត៌មាន ដែលរួមមានទាំង បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ ដោយ ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តជម្នះការប្រឈមទាំងនេះ បន្តបំពេញ តួនាទីរបស់ខ្លួនដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ និងសេចក្តីថ្លៃថ្នូរ ហើយរំលឹកជាប់ជាប្រចាំនូវប្រយោគមួយឃ្លាដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល៖ – កុំបំពានសិទ្ធិអ្នកដទ កុំបំភ្លការពិត”។ តម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មាន គឺនៅ ត្រង់សមត្ថភាពបំពេញតួនាទីដែលអាចធ្វើជាកញ្ចក់សង្គម ជាអ្នកនាំចម្លើយ និងជាភ្លើងបំភ្លឺ រួមចំណែក ដល់សង្គមជាតិយើងឱ្យបន្តដំណើរឆ្ពោះទៅមុខលើផ្លូវសុខដុមរមនា សន្តិភាព និងការរីកចម្រើន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖