ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal រក្សាតំណែង Top 4 ក្រោយឈ្នះម្ចាស់ផ្ទះ West Ham

ចែករំលែក៖

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ជ័យជម្នះនេះគឺជាសញ្ញានៃក្រុមមួយដើម្បីប្រជែងពានរង្វាន់ធំៗនៅរដូវកាលក្រោយ ខណៈដែលក្រុមកាំភ្លើងធំបានផ្តួលក្រុម West Ham ២ទល់១ នៅកីឡដ្ឋាន London ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Premier League ឡើងវិញ។

ក្រុមកាំភ្លើងធំបានដឹងថា មានតែជ័យជម្នះមួយប៉ុណ្ណោះដែលនឹងលើកពួកគេត្រឡប់ទៅកន្លែងក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីក្រុម Tottenham បានយកឈ្នះលើក្រុម Leicester កាលពីយប់ថ្ងៃទី១ ខែឧសភាដែរ ប៉ុន្តែក្រុមរបស់លោក Mikel Arteta បានឆ្លើយតបដោយយកបាន៣ពិន្ទុដ៏សំខាន់។

ក្រុមរបស់លោក Arteta បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ក្នុងតង់ទី១ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Rob Holding ពីការបញ្ជូនបាល់ពីជ្រុងរបស់ Bukayo Saka នៅនាទីទី៣៨។ ប៉ុន្តែនៅនាទីទី៤៥ជិតនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយកីឡាករ Jarrod Bowen រកបាន១គ្រាប់តាមស្មើឲ្យក្រុមញញួរធំ West Ham វិញពីការ​បញ្ជូន​របស់ Vladimir Coufal ។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ West Ham នៅតែគ្រប់គ្រងបាល់បានល្អជាងក្រុមភ្ញៀវ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន។ រហូតដល់នាទីទី៥៤ កីឡាករ Gabriel Magalhaes ជាអ្នករកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមកាំភ្លើងធំ Arsenal ដែលធ្វើឲ្យក្រុមនេះបន្តកាន់កាប់ក្នុងចំណាប់ថ្នាក់លេខ៤ មាន៦៣ពិន្ទុ។

ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមកាំភ្លើងធំលោក Arteta បាន​និយាយ​ថា“យើង​លេង​មិន​សូវបាន​ល្អ​ទេ។ ប្រសិនបើខ្ញុំត្រូវប្រើពាក្យមួយវានឹងក្លាយជាការឈ្នះដ៏អាក្រក់។ ក្រុមធំៗត្រូវតែស្វែងរកវិធីដើម្បីឈ្នះ នៅពេលដែលពួកគេលេងមិនបានល្អ។ យើងបានរកឃើញវិធីមួយតាមរយៈឈុត និងការការពារយ៉ាងរឹងមាំ។ ការឈ្នះនៅទីនេះលើក្រុម West Ham គឺជាកិត្តិយសសម្រាប់ក្រុម និងបង្ហាញពីស្មារតីដែលយើងមាន”។

ក្រុម West Ham ក្រោមការគ្រប់គ្រងរបស់លោក David Moyes បានបរាជ័យក្នុងការឈានដល់កម្រិតទាំងនោះ បន្ទាប់ពីបានតាមពីក្រោយជាលើកទី២ ហើយការបរាជ័យបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី៧មាន៣ពិន្ទុតាមពីក្រោយក្រុមលេខ៦ Manchester United ដោយនៅសល់៣ប្រកួតទៀតចប់រដូវកាល។

លោក Moyes បាននិយាយថា “ខ្ញុំគិតថាយើងធ្វើបានល្អគ្រប់គ្រាន់ហើយ។ ពួកយើងបានទទួលស្គាល់ពីការប្រកួតរបស់យើងទាំងការវាយលុក និងការការពារ។ យើងក៏បានធ្វើការផ្លាស់ប្តូរមួយចំនួនដែលបន្សល់ទុកនូវកីឡាករមួយចំនួន ដែលប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងស្ថានភាពទាំងនោះ” ។

ក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះក្រុម Leeds United នៅថ្ងៃទី៨ ខែឧសភាក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៥ ខណៈដែលក្រុមញញួរធំ West Ham នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Frankfurt ក្នុងពានរង្វាន់ Europa League ជើងទី២នៅថ្ងៃទី៦ ខែឧសភាខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖