ព័ត៌មានទាន់ហេតុការណ៍៖

លោកឈឿន សុចិត្ត ជំរុញឱ្យមន្ត្រីនគរបាលប៉ុស្តិ៍ត្រូវតែចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីយកស្នាមញញឹមពីគាត់

ចែករំលែក៖

ខេត្តកណ្តាល ៖ កងកម្លាំនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពីដើមភូមិដល់ចុងភូមិដើម្បីសាកសួរសុខទុក្ខពុក ម៉ែ បង ប្អូន ទាំងអស់ក្រែងមានកង្វល់ឬទុក្ខលំបាកអ្វីត្រូវដោះស្រាយជូនគាត់ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាំងអស់តាមខ្នងផ្ទះនីមួយៗសំដៅធ្វើយ៉ាងណាទាក់យកបេះដូងនិងស្នាមញញឹមពីពួកគាត់។  នេះជាការក្រើនរំលឹកនិងជំរុញដល់មន្ត្រីនគរបាលប៉ុស្តិ៍ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅគ្រាដែលលោកអមដំណើរលោកគង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្ត​ អញ្ជើញ​ចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសំណូមពរដល់ពុក ម៉ែ បង ប្អូនទាំងអស់មេត្តាជួយសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រាល់ហេតុការណ៍កើតឡើងដើម្បីឱ្យកងកម្លាំងនគរបាលយើងខ្ញុំជួយអន្តរាគមន៍បានទាន់ពេលវេលា។  បើមិនរាយការណ៍ទៅប៉ុស្តិ៍ទេ សូមបងប្អូន ពុកម៉ែ តេមកខ្ញុំបាទ017787666(លេខទូរស័ព្ទលោកឈឿន សុចិត្ត)ឬឆាតចូលហ្វេសប៊ុកខ្ញុំបាទ Chhoeun sochett និងឆាតចូលហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលមានផេកឈ្មោះ(ស្នងការដ្ឋាននគរបាលខេត្តកណ្តាល)។នៅពេលដែលបងប្អូនតេឬឆាតមក គឺមានក្រុមការងារប្រតិកម្មរហ័សរបស់យើងខ្ញុំបម្រើពុក ម៉ែ បង ប្អូន បានទាន់ពេលវេលាសំដៅធ្វើយ៉ាងណាស្វែងរកសុខជូនបងប្អូន ពុកម៉ែនិងទាក់យកស្នាមញញឹមពីប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖