ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ម្នាក់ក្រោយបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២, បន្ទាប់ពីទាស់សម្តីគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រទេសមានច្បាប់ អ្នកប្រព្រឹត្តបទល្មើសមិនងាយគេចផុតពីសំណាញ់ច្បាប់ឡើយ ។ ជាក់ស្តែងទីបំផុត !  មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ អំ ឆេកូ និងមនុស្សម្នាក់ទៀតត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីសង្ស័យផ្ទុះអាវុធបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ ដោយការទាស់សម្ដីគ្នា គិតខ្លី ចរិកឈាមខ្លាផងនោះ ចុងក្រោយខ្នោះទាល់តែបាន។ 

សូមបញ្ជាក់ថា, ជនសង្ស័យជាឃាតក ពួកគេទាំងពីរនាក់ត្រូវឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១ ខែឧសភា ម្សិលមិញម្លេះ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះកាលពីម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ 

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ថា, បច្ចុប្បន្នពួកគេទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឱ្យកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ២គ្រឿង ជិះស៊ីភ្លេ តដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ (ផ្លូវកន្ទុយនាគ) លុះមកដល់ចំណុចរង្វង់មូលតោពីរ ម៉ូតូទាំងពីរគ្រឿងឈប់នៅកន្លែងកើតហេតុ រួចទាស់សំដីគ្នាដែលទំនងជាខឹងរឿងស៊ីភ្លេម៉ូតូឌឺដង។ រួចជនដៃដល់ឈ្មោះ អំ ឆេកូ បានវាយលើជនរងគ្រោះរួចក៏ដើរទៅបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ មុននឹងបាញ់សម្លាប់ទៅលើជនរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើការពិនិត្យកោសល្យវិច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យជាឃាតកសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖