ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្នុងរយៈពេលមួយថ្ងៃកម្លាំងសមត្ថកិច្ចជំនាញ នៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនមនុស្សចំនួន ៤០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។
លោកអ្នកនាំពាក្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមជនសង្ស័យទាំង៤០នាក់នោះ មាន ១៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៩ករណី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចនៅតាមមូលដ្ឋានរបស់ពួកគាត់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលអាចកើតមានឡេីង៕
ដោយ៖សហការី