ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជូនក្រុមជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនព្រមទាំងប្រដាប់អាវុធ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកឡើងថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការដឹកនាំសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាទាំង៣ខេត្តខាងលើបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបជនសង្ស័យប្រដាប់អាវុធនិងជួញដូរគ្រឿងញៀននៅ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖
-គោលដៅទី១: នៅចំណុចតាមបណ្តោយផ្លូវលំជិតស្ពាន៧មករាក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧កញ្ចប់។
-គោលដៅទី២: នៅចំណុចភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសី ខេត្ត
កំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀន១កញ្ចប់។
-គោលដៅទី៣: នៅចំណុចមុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ
៣ ក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់ ថ្នាំ
ញៀន២កញ្ចប់និងរថយន្ត១គ្រឿង។
-គោលដៅទី៤: នៅចំណុចក្បែរភ្លើងស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ថ្នាំញៀន៣កញ្ចប់និងរថយន្ត១គ្រឿង។
ជាលទ្ធផលសរុបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៦នាក់:
១-ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ អ៊ុក ម៉ាលីបុត្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។
៥-ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៦-ឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
ចំណែកវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៥១.៥១ក្រាម , កាំភ្លើងខ្លី០២ដើម(ប្រភេទរូឡូនិង CZ75), រថយន្ត០២គ្រឿង(ម៉ាកLEXUS RX330 និង CAMRY)។
បច្ចុប្បន្ន ក្រុមជនសង្ស័យនិងវត្ថុតាងចាប់ត្រូវបានបញ្ជូនទៅដល់តុលាការ ហើយៗកំពុងតែស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ ៖ រ៉ារ៉ា