ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា, លោកមេឃុំ និងលោកជំទប់ឃុំខ្ញុំខិតខំប្រឹងប្រែងណាស់ដើម្បីប្រជាពលរដ្ឋរបស់គាត់ ស្ទើរតែពេញមួយអាណត្តិរបស់ក្រុមប្រឹក្សាឃុំ ទោះបីជាត្រូវតស៊ូមតិជាច្រើនលើកច្រើនសារ ទោះបីត្រូវរង់ចាំអស់ជាច្រើនឆ្នាំ ហើយទោះជាត្រូវប្រមែប្រមូលសន្សំថវិកាពីរបីឆ្នាំបូកបញ្ចូលគ្នាទម្រាំបានគ្រប់ក៏ដោយ ធ្វើយ៉ាងណាឱ្យតែអ្នកភូមិថ្នល់បណ្តោយ និងថ្នល់ទទឹងអាចមានផ្លូវបេតុងប្រើប្រាស់នឹងគេ ពួកគាត់មិនរាថយឡើយ។
លោក ឃឹម ហ្វីណង់ លើកឡើងថា, ទីបំផុតក្រុមប្រឹក្សាឃុំព្រះដាក់បានសម្រេចយកកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខ្លួនជាង៦០០លានរៀល ដែលបានមកពីការបូកបញ្ចូលថវិកាខកខានមិនបានប្រើប្រាស់៣ឆ្នាំជាប់ៗគ្នា ដើម្បីសាងសង់ផ្លូវបេតុងឆ្លងកាត់ភូមិទាំង២ខាងលើ ដែលទើបតែត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ដោយមានលក្ខខណ្ឌ និងអនុលោមទៅតាមអនុសាសន៍របស់កិច្ចប្រជុំ អាយ.សុី.សុី.អង្គរ កាលពីពេលថ្មីៗនេះ។ មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលស្រុក និងមូលនិធិបឹងទន្លេសាបក៏អាចនឹងត្រូវបានស្នើយកមកប្រើប្រាស់បំពេញបន្ថែមលើកំណាត់ផ្លូវណាមួយផងដែរ។
លោកអភិបាលស្រុក វ័យក្មេងបន្តថា, អ្នកភូមិថ្នល់បណ្តោយ និងអ្នកភូមិថ្នល់ទទឹង ក៏បានផ្តាំផ្ញើរថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្ត ទៀ សីហា សម្រាប់ការខិតខំខ្នះខ្នែងជួយអន្តរាគមន៍ដោយផ្ទាល់ទៅកាន់អាជ្ញាធរជាតិអប្សរា ដើម្បីជួយបើកច្រកឱ្យពួកគាត់អាចធ្វើផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់បាននៅក្នុងថ្ងៃនេះ ៕
ដោយ ៖ សិលា