ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបកោះប្រជុំជាបន្ទាន់ដើម្បីឯកភាពគ្នាទប់ការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ថាមពលពីរុស្ស៊ី

ចែករំលែក៖

ក្រសួងថាមពលបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបានជួបប្រជុំគ្នា ជាបន្ទាន់នៅថ្ងៃទី២ខែឧសភានេះ ដើម្បីឯកភាពគ្នាធ្វើសកម្មភាព ទប់ទល់ពេលរុស្ស៊ីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាសឱ្យទៅប្រទេសតំបន់អឺរ៉ុបដែលមិនព្រមទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ី។
កន្លងមករុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញ និងប្រទេសបុ៊លហ្គារី ក្រោយពេលប្រទេសទាំងពីរនោះមិនព្រមទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ី ។ ប្រទេសទាំងពីរខាងលើក៏បានឡើងគម្រោងផ្អាកទិញឧស្ម័នពីរុស្ស៊ីផងដែរ។ សកម្មភាពខាងលើបង្កក្តីបារម្ភដល់ប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសរុស្ស៊ីដល់ប្រទេសផ្សេងទៀតក្នុងតំបន់ ។
ជាមួយគ្នានេះដែរ ផ្ទៃក្នុងសហគមន៍អឺរ៉ុបប្រឈមនឹងការប្រេះឆាពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។ការដាក់ទណ្ឌកម្មធ្វើឱ្យក្រុមហ៊ុនអឺរ៉ុប ធ្លាក់ក្នុងផលលំបាកយ៉ាងខ្លាំងពេលចង់ទិញឧស្ម័នពីប្រទេសរុស្ស៊ី ក្រោយប្រធានាធិបតីពូទីនឱ្យទូទាត់តម្លៃដោយប្រាក់រុស្ស៊ី។
តាមតួលេខរបស់មជ្ឈមណ្ឌលស្រាវជ្រាវពីថាមពល និងបរិយាកាសស្អាត (CREA) បានលើកឡើងថា ប្រទេសក្នុងតំបន់អឺរ៉ុប បានទូទាត់ប្រាក់ឱ្យរុស្ស៊ីមានតម្លៃជាង៤៥ពាន់លានអឺរ៉ូ ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖