ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយ សិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូន ក្លាយជាសិស្សឆ្នើម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និង កោតសរសើរចំពោះសិស្សទាំងអស់ ដែលបានប្រលងជាប់ បាក់ឌុបឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរជាមួយ សិស្សនិទ្ទេស A និងអាណាព្យាបាល ដែលមានកូន ក្លាយជាសិស្សឆ្នើម។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងសម្តែងការសោក ស្តាយចំពោះសិស្សដែលប្រលងធ្លាក់។ សម្តេចតេជោ សង្ឃឹមពួកគេនឹងបន្តសិក្សានៅឆ្នាំ២០២២នេះ ដើម្បី ប្រលងជាថ្មី ឬបន្តចាប់យកជំនាញវិជ្ជាជីវៈនៅតាមសាលា បណ្ដុះបណ្ដាលបច្ចេកទេសនានា។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, ប្រទេសមាន សន្តិភាព ទើបយើងទាំងអស់គ្នា មានការ សិក្សា ទទួលបានចំណេះចេះដឹង ឈានទៅរក ការងារធ្វើ ឈានទៅ សិក្សាក្រៅប្រទេស ឈានទៅរកធ្វើកិច្ចការប្រទេសជាតិ មិនថាអ្នកនៅក្នុង គណបក្សណានោះទេ អ្នកមានឱកាស រៀនសូត្របាន ក៏មកពីប្រទេស មានសុខសន្តិភាព ហើយ ត្រូវទទួលស្គាល់ថា សន្តិភាព បានមកពី គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធានបក្ស ហើយអ្នករកសន្តិភាពបានមកយ៉ាងពេញ។ 

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការស្រាវជ្រាវពី មូលហេតុ ដែលនាំឱ្យសិស្សនិទ្ទេស A មួយចំនួន មិនទាន់ បានចូលមហាវិទ្យាល័យផង។ 

សូមជម្រាបជូនថា, ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។

 សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖