ភ្នំពេញ ៖ លទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលទ្ធផលនៃជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋមីយ៉ាន់ម៉ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង ចំពោះការសម្របសម្រួលទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសនៃប្រធាន អាស៊ាន នៅមីយ៉ាន់ម៉ា កាលថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ និងបានគូសបញ្ជាក់នូវបំណងប្រាថ្នា យ៉ាងមុតមាំពីគ្រប់ភាគី ក្នុងការចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវអាទិភាព បន្ទាន់ចំនួន០៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលរួមមាន (១) ការបញ្ឈប់អំពើហិង្សា (២) ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និង (៣) ការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។
លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង របស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធី ចំពោះវិបត្តិដែលកំពុងមាននា ពេលបច្ចុប្បន្ន និងបានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសភាពការណ៍ថ្មីៗនៅ មីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈក្នុងការចរចាកិច្ចព្រម ព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទាំងអស់ និងការចែកចាយ ជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពប៉ុន្មន ៥៨កន្លែងនៅមីយ៉ាន់ម៉ា។ ឯកឧត្តម មី ឡាំ បានសន្យាផ្ដល់នូវការសម្របសម្រួលខ្លួនដល់ ប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។
ស្របពេលនឹងការស្វាគមន៍ចំពោះសុច្ឆន្ទៈដែលបានបង្ហាញដោយ នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ ការជៀសឱ្យបាននូវការប្រើកម្លាំងជ្រុលហួសហេតុ នៅក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងសង្គម។ សម្តេចតេជោក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងណៃពីដា ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បី ឲ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេស នៅក្នុងតំបន់ជម្លោះ ដែលនេះមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនា សន្តិភាពប្រកបដោយបរិយាបន្នផងដែរ។
នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច របស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅ ដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួនពីរ ក៏ដូចជាតំបន់ និងរដ្ឋចំនួនប្រាំដទៃទៀត ដែលត្រូវបាន កំណត់ថាជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្រាប់យុទ្ធនាការផ្ដល់ជំនួយ មនុស្សធម៌ និងការចាក់វ៉ាក់សាំងនៅក្នុងតំបន់សាកល្បង ដែលអាចនឹងពង្រីកជាជំហានៗទៅកាន់តំបន់ ផ្សេងៗទៀតនាពេលអនាគត។
ពាក់ព័ន្ធនឹងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ថា ប្រធានក្រុមការងារមីយ៉ាន់ម៉ាសម្រាប់ការសម្របសម្រួលជំនួយមនុស្សធម៌ នឹងដឹកនាំគណៈប្រតិភូមកចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
នាឱកាសជំនួបនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការ ដោះលែងអ្នកទោសជាង ១៦០០ នាក់ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា ពីខ មេសា និងបានរំលឹកឡើងវិញពីសំណើរបស់សម្តេចតេជោកន្លងមក ដែលសុំដោះលែងអ្នកទោស នយោបាយទាំងអស់ រួមទាំងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី ស៊ន ធើននែល (Sean Turrell) ផងដែរ។ សម្ដេចក៏បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងការសម្រប សម្រួលដំណើរទស្សនកិច្ចលើកទី២ របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា ដែលអាច នឹងធ្វើឡើងនៅចុងខែឧសភានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញពី សារៈសំខាន់នៃការអនុញ្ញាតឱ្យប្រេសិត ពិសេសបានចូលជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស សានស៊ូជី និងលោកអតីតប្រធានាធិបតី វីន ម៉ឹន សំដៅជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន។ ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះជាចុងបញ្ចប់នៃកិច្ចសន្ទនានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ កម្ពុជាក្នុងការជួយឱ្យមីយ៉ាន់ម៉ា អាចវិលត្រឡប់មកកាន់លទ្ធិប្រជាធិបតេយ្យវិញ ស្របតាមការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងសាមគ្គីភាព និងមជ្ឈភាពនៃអាស៊ាន-១០ ៕
ដោយ ៖ សុខ ខេមរា