ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្តាលឱ្យមនុស្ស៥នាក់រងរបួសនៅក្រុងស្វាយរៀងនិងស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូនឹងម៉ូតូនៅក្នុងក្រុងស្វាយរៀងនិងស្រុកស្វាយទាប។

   យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា កាលពីវេលាម៉ោង១២និង៣១នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៥និងលេខ១៣៦ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៤៨១៦  បើកបរដោយឈ្មោះ ជា ម៉ៅគឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិ ក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង បានធ្វើដំណើរពីលិចទៅកើតមិនប្រយត្ន័ក៏បុកជាមួយ

ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H-៨១៦០ បើកបរដោយឈ្មោះ ចាន់ ធូ  ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅភូមិថ្មី ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីលិចទៅកើតស្របទិសគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសទាំងសងខាងត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០២ខែ ឧសភា ឆ្នាំ២០២២ នៅចន្លោះគីឡូម៉ែត្រលេខ១៣៣និង១៣៤ លើផ្លូវជាតិលេខ១  ស្ថិតក្នុងភូមិព្រៃសង្ឃ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM  ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១R-៩២៥៣ បើកបរដោយឈ្មោះ សាន់ សុផាន្នី ភេទស្រីអាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទាហានលើ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកអ៉ិចស្ទឺរ ពណ៌ខ្មៅ  គ្មានស្លាកលេខ បើកបរដោយឈ្មោះជិន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរម្នាក់ឈ្មោះឡាយ រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។

   ក្រោយកើតហេតុអ្នករងរបួសទាំង៣នាក់ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងពីរគ្រឿងត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប

ខណៈដែលអ្នកបង្កហេតុសមត្ថកិច្ចកំពុងស៊ើបអង្កេតរកខុសត្រូវបន្តទៀត៕

ដោយ៖យឹម សុថាន


ចែករំលែក៖