ព័ត៌មានទាន់ហេតុការណ៍៖

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

  នៅពេលដែលពួកទេវបុត្រមារបណ្តេញព្រះអង្គឲ្យចុះចេញពីរតនបល្ល័ង្ក ប្រសិនបើជាព្រះពុទ្ធអង្គមិនមានភ្នែកទិព្វប្រកបដោយបញ្ញាចក្ខុថា ព្រះធរណីនេះមិនមានវិញ្ញាណបរិសុទ្ធទេ ក៏ព្រះអង្គមិនយកប្រថពីជាបន្ទាល់ជាសាក្សីរបស់ព្រះអង្គដែរ។ ឯសិក្ខាបទហាមមិនឲ្យភិក្ខុសង្ឃកាប់ផែនដី កាលបើភិក្ខុអង្គណាជីកកាប់ផែនដីនឹងត្រូវអាបត្តិ បាចិត្តិយៈក៏អាចសន្និដ្ឋានថា ផែនដីជាធម្មជាតិមានជីវិតដោយពិត ទើបព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទនេះឡើង។ ប្រសិនបើផែនដីជាធម្មជាតិមានវិញ្ញាណ ធាតុ ទឹក ភ្លើង ខ្យល់ ក៏ជាធម្មជាតិមានវិញ្ញាណធាតុដូចផែនដីដែរទើបនៅពេលព្រះពុទ្ធប្រសូតិពេលត្រាស់ដឹង ពេលសម្ដែងធម្មចក្រដាក់អាយុសង្ខារ ធម្មជាតិទាំងនេះក៏មានប្រតិកម្មបញ្ចេញបាតុភូតឡើងតាមមុខងាររបស់ខ្លួនដូចផែនដីដែរ។

  អាស្រ័យដោយសារមនុស្សសម័យបុព្វកាលនៅមានចិត្តបរិសុទ្ធច្រើន នៅពេលមានភ័យអាសន្នកើតឡើងមានតម្រូវការចាំបាច់ផ្សេងៗ គេនាំគ្នាអធិដ្ឋានបួងសួងអង្វរធម្មជាតិធម្មៗ មានប្រតិកម្មឆ្លើយតបបានខ្លះ ទើបវប្បធម៌នេះមិនទាន់សាបរលាបទៅវិញនៅឡើយ។

  មកដល់សម័យពុទ្ធកាល ព្រះបរមសាស្ដាបានអប់រំចិត្តបរិសុទ្ធឲ្យកើតមានឡើង ទើបព្រះអង្គអធិដ្ឋានយកព្រះធរណីជាបន្ទាល់ ព្រះធរណីក៏បន្លឺសំឡេងឡើង គម្ពីរសុត្តនបិដកភាគទី ១៨ ត្រង់អកញ្ញសូត្រ ព្រះពុទ្ធបានសម្ដែងថា នៅពេលផែនដីនេះចាប់ចម្រើនឡើងដំបូង គឺមានទឹកផ្អែមជាធម្មជាតិអណ្តែតនៅលើផែនដី។ នៅពេលនោះមនុស្សនៅមានចិត្តបរិសុទ្ធនៅឡើយ នៅមានបីតិជាអាហារ នៅមានឫទ្ធិដូចព្រហ្មលោក ផលចិត្តបរិសុទ្ធនេះបានធ្វើឱ្យមនុស្សសម័យនោះមានអាយុវែងមានសម្បុរល្អចាំងចែង១ មានឫទ្ធិក្នុងការអធិដ្ឋាន១ ។

  នៅពេលក្រោយមកមនុស្សក៏ចាប់បរិភោគធម្មជាតិនៅលើផែនដី ចិត្តក៏លែងបរិសុទ្ធដូចដើមអាយុកាន់តែខ្លីទៅៗ ឫទ្ធិចេស្ដាក៏ចេះតែសាបសូន្យទៅៗ ទៅតាមកិលេសធម៌ដែលចេះតែចម្រើនឡើងនោះដែរ។ ដូច្នេះលោកធាតុជាធម្មជាតិផ្ដល់ជីវិតសន្មតថា ជាធម្មជាតិគ្មានវិញ្ញាណធាតុសូន្យទទេសោះ ក៏ពុំអាចសន្និដ្ឋានបានយ៉ាងហោចណាស់ក៏យើងអាចមើលឃើញថាមានជីវិតច្រើនបានកើតឡើងលើផែនដីចេញពីមេធាតុទាំង៤ដូចពោលខាងលើ ។

  បច្ចុប្បន្ន ជំនឿចំពោះធម្មជាតិទឹក ដី ភ្លើង ខ្យល់ ព្រះធរណី ព្រះវាយោ ព្រះអគ្គី ព្រះគង្គា បានសាបសូន្យស្របតាមការរីកចម្រើនរបស់វិទ្យាសាស្រ្ត។ ឯកាបងសួងនោះក៏មិនមានលទ្ធផលអាស្រ័យមនុស្សសម័យក្រោយៗមកមានចិត្តប្រកបតែនូវអកុសលធម៌ និងបរិសុទ្ធដូចដើម។ ចំណែកកម្លាំងចិត្តបរិសុទ្ធកាលបើកើតមានក៏រមែងនៅតែមានអំណាចឥទ្ធិពលទៅលើធម្មជាតិជាធម្មតាដដែល។

  ទន្ទឹមនឹងនេះ នៅពេលអំណាចនៃចិត្តមិនបរិសុទ្ធកាន់តែក្រាស់ឡើងៗ ក៏នឹងជះឥទ្ធិពលទៅលើធម្មជាតិបង្កើតបានបាតុភូតថ្មី បង្កនូវមហន្តរាយច្រើនបែបយ៉ាង គឺពុំមែននៅត្រឹមបួងសួង មិនមានផលដូចពីសម័យបុព្វកាលប៉ុណ្ណោះទេ។(នៅមានត)

 ពិនិត្យស្រាវជ្រាវដោយ÷ ចៅតាជេត


ចែករំលែក៖