ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ថានឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអ៉ីតាលី និងអេស្ប៉ាញ បន្ទាប់ពីអាល្លឺម៉ង់

ចែករំលែក៖

សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បាននិយាយថាវាអាចទៅរួច នៅពេលត្រូវបានសាកសួរថាតើរូបលោកនឹង ពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញដែរឬទេ ដោយសារតែការប្រឆាំងជំទាស់របស់ពួកគេទៅនឹងសង្រ្គាមអ៉ីរ៉ង់ មួយថ្ងៃបន្ទាប់ពីលើកឡើងពី លទ្ធភាពកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាល្លឺម៉ង់។

នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមានថាតើរូបលោកអាចនឹងពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអេស្ប៉ាញ និងអ៉ីតាលី ដែរឬទេ? លោក ត្រាំបានឆ្លើយថា «ពិតណាស់ ខ្ញុំអាចនឹងពិចារណា»។ ដោយចង់សំដៅលើសង្រ្គាមជាមួយអ៉ីរ៉ង់ លោក ត្រាំ បន្ថែមថាអ៉ីតាលី និងអេស្ប៉ាញ មិនបានធ្វើអ្វីដើម្បីជួយ សហរដ្ឋអាមេរិកនោះទេ។

កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ត្រាំក៏បានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងសិក្សា និងត្រួតពិនិត្យឡើងវិញលើលទ្ធភាពកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីប៉ះសម្ដីគ្នាជាមួយមេដឹកនាំអាល្លឺម៉ង់ជុំវិញសង្រ្គាមអ៉ីរ៉ង់ ដោយអះអាងថាលោកនឹងធ្វើការសម្រេចចិត្តមួយក្នុងពេលដ៏ខ្លី។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ព ១២ ៦៦២នាក់កំពុងឈរជើងនៅអ៉ីតាលី ៣៨១៤នាក់នៅអេស្ប៉ាញ និង៣៦ ៤៣៦នាក់នៅអាល្លឺម៉ង់៕


ចែករំលែក៖