ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចពិជ័យសេនាទៀ បាញ់ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងសម្រុកបេីកយុទ្ធនាការចុះចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ នៅតាមទីផ្សារ ទីប្រជុំជន ប្លុកផ្ទះជួលរបស់កម្មករ ក្នុងរោងចក្រ ទីតាំងចល័តនានានិងឈានដល់ការដឹកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះទៅចាក់ឱ្យក្រុម និស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។ នេះពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដូសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយការចាក់វ៉ាក់សាំងនេះទៀតសោតក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរមូលដ្ឋានបានស្ពាយយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងតែម្តង។ ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ គឺក្រុមការងារនេះ បាននិងកំពុងស្ពាយយកវ៉ាក់សាំងទៅចាក់ដល់ទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះទៅចាក់ឱ្យក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនាទៀ បាញ់បានចុះចាក់វ៉ាក់សាំងជូននិស្សិតដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានតិចណូចំនួន៥៧នាក់ ក្នុងនោះមាននិស្សិតឡាវ២៣នាក់ និស្សិតវៀតណាម១៣នាក់ និងនិស្សិតខ្មែ២១នាក់ ។ ចំណែកនៅតាមទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខុមាលភាពប្រជាជន។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញជូនប្រជាពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារនៅតាមបណ្ដារាជធានី-ខេត្ត៕
ដោយ ៖ សំរិត