ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ខណៈឃើញម៉ូតូគេទុកនៅលើចិញ្ចើមផ្លូវដោយមានសោជាប់នឹងម៉ូតូ ក៏ធ្វើសកម្មភាពលួចជិះយកទៅបាត់ លុះ៣ ថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលតាមក្របួចជាប់។ ករណីនេះកើតឡើងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១:៥៦នាទីនៅចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះឈ្មោះស្រេង ម៉េងគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ ។ ចំណែកជនសង្ស័យ០២នាក់ទី១-ឈ្មោះ ថូ រី ហៅ វី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីកបររថយន្តដឹកឥដ្ឋ មានទីលំនៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង (ឃាត់ខ្លួន)ទី២-ឈ្មោះ រ៉ន សារុន ហៅ នុ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលេីកឥដ្ឋ មានទីលំនៅភូមិឈេីទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ សម្ភារបាត់បង់ គឺម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួND125M6226014 ពាក់ស្លាកលេខ កណ្ដាល 1AO-7520 ។ វត្ថុតាងចាប់យក៖ ១-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1M-8194 ចំនួន០១គ្រឿង(របស់ជនសង្ស័យជិះធ្វេីសកម្មភាព),២-ស្នាប់ដៃម៉ូតូ ពណ៌បៃតង ចំនួន០១គូ, ៣-អាវយឺតដៃវែង ពណ៌ខ្មៅ មានអក្សរអង់គ្លេស YES! DFFICER ចំនួន០១, ៤-មួកពណ៌ខ្មៅ មានអក្សរអង់គ្លេស FILA ចំនួន០១ (ពាក់ធ្វើសកម្មភាព)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក ជនរងគ្រោះឈ្មោះ ស្រេង ម៉េងគ្រី បាននាំគ្នាផឹកស្រាជាមួយឈ្មោះ យីម តុលា រួមជាមួយប្រពន្ធរបស់ឈ្មោះស្រេង ម៉េងគ្រី និងប្រពន្ធរបស់ យីម តុលា ផងដែរ។ លុះផឹកបានមួយសន្ទុះអស់ស្រា ឈ្មោះស្រេង ម៉េងគ្រីបានខ្ចីម៉ូតូរបស់ឈ្មោះ យីម តុលា ទៅទិញស្រានិងទឹកកកដើម្បីយកមកផឹកបន្ត។ លុះទៅដល់ផ្ទះអ្នកលក់ចាប់ហួយ ជនរងគ្រោះបានទុកម៉ូតូចោលដោយពុំបានដកសោចេញពីម៉ូតូនោះទេ ខណៈនោះស្រាប់តែជនសង្ស័យ២នាក់ខាងលើ ក៏ធ្វើសកម្មភាពលួចយកម៉ូតូទៅបាត់ ហើយជនរងគ្រោះឈ្មោះ ស្រេង ម៉េងគ្រី ក៏ចេញមកមេីលមិនឃេីញម៉ូតូ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនគរបាល ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់បានចុះទៅពិនិត្យកន្លែងកេីតហេតុ រួចធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី សមត្ថកិច្ចនគរបាលបានឃេីញជនសង្ស័យទាំង០២នាក់ជិះម៉ូតូក៏ធ្វើការពួនស្ទាក់តាមផ្លូវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ